អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលយករាល់មតិរិះគន់ទាំងឡាយដែលពាក់ព័ន្ធនឹងការផាកពិន័យអ្នកបើកបរល្មើសល្បឿនកំណត់លើដងផ្លូវ និងអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពច្បាប់ដើម្បីការពារអាយុជីវិត
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលយករាល់មតិរិះគន់ទាំងឡាយ ដែលពាក់ព័ន្ធនឹងការផាកពិន័យចំពោះអ្នកបើកបរល្មើសល្បឿនកំណត់លើដងផ្លូវជាតិ។

ពាក់ព័ន្ធដល់ការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ
១-ល្បឿនយានជំនិះបើកបរនៅលើដងផ្លូវ ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ៨៦ អនក្រ.បក ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៥។ ការកំណត់គោលដៅដាក់ផ្លាកសញ្ញាកំណត់ល្បឿននៅតាមដងផ្លូវ ជាសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្នុងនោះការដាក់ផ្លាកកំណត់ល្បឿនតាម ដងផ្លូវ ចាប់ពីល្បឿន ៤០-៦០គីឡូម៉ែត្រ គឺផ្អែកលើស្ថានភាពភូមិសាស្ត្រ និងសកម្មភាពមមាញឹករបស់ ប្រជាពលរដ្ឋ ដូចជា : ទីប្រជុំជន ផ្សារ សាលារៀន មន្ទីរពេទ្យ ឬគោលដៅដែលមានហានិភ័យជាដើម។ ចំពោះការដាក់កម្លាំងនគរបាលចរាចរណ៍ នៅគោលដៅទាំងនោះ គឺជាការអនុវត្តវិធានការច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ ទប់ស្កាត់ការបើកបរល្មើសល្បឿនកំណត់ ដែលជាហេតុបង្កឱ្យមាន គ្រោះថ្នាក់ចរាចរណ៍។
២-ចំពោះការផាកពិន័យលើការបើកបរល្មើសល្បឿនកំណត់ ចាប់ពី ១-១៩គីឡូម៉ែត្រ ក្នុង ០១ម៉ោងឡើងទៅ ត្រូវបានអនុវត្តតាមខ្លឹមសារនៃ អនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការ ពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ រីឯការដកពិន្ទុប័ណ្ណបើកបរ ត្រូវបាន កំណត់ដោយ ប្រកាសអន្តរក្រសួងលេខ ១៧៦ ប្រក.សក.ដជគ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី នីតិវិធីនៃការដក និងការបំពេញពិន្ទុឡើងវិញសម្រាប់ប័ណ្ណបើកបរ ដោយកំណត់ដកពិន្ទុលើប័ណ្ណបើកបរ ចំពោះការបើកបរដែលល្មើសល្បឿន គិតចាប់ពី ១គីឡូម៉ែត្រ ក្នុង ០១ម៉ោងឡើងទៅ។ ដូច្នេះការផាកពិន័យ និងការដកពិន្ទុប័ណ្ណបើកបរ ដែលអនុវត្តដោយមន្ត្រីនគរបាលចរាចរណ៍ ពុំមែនជាការគំរាមកំហែងនោះឡើយ ប៉ុន្តែការសម្របសម្រួលណាមួយដែលកើតឡើងរវាងអ្នកបើកបរ និងមន្ត្រីអនុវត្តច្បាប់ ដើម្បីគេចវេសពីការពិន័យ និងដើម្បីផលប្រយោជន៍បុគ្គល នោះគឺជាអំពើអសកម្ម ដែលប៉ះពាល់ដល់ប្រសិទ្ធភាពក្នុងការ អនុវត្តច្បាប់ ដែលបញ្ហាទាំងនេះចាំបាច់ត្រូវតែមានការកែលម្អជាបន្ទាន់ ជាពិសេសការចូលរួមកែប្រែ ទម្លាប់មិនល្អនេះដោយចាប់ផ្តើមពីពលរដ្ឋ ០១រូប មន្ត្រី ០១រូប និងសង្គមទាំងមូល។
៣-ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានបង្កើតឡើងក្នុងគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក និងធានាការពារសុខភាព អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។ គោលដៅ សំខាន់ផ្តល់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក រក្សា សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការប្រើប្រាស់ ផ្លូវថ្នល់។
ចំពោះការផាកពិន័យអន្តរការណ៍ គឺជាការអនុវត្តនូវទោសបញ្ញត្តិ ដូចមានចែងក្នុងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលកំណត់ដោយ អនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យ អន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមទទួលយករាល់មតិរិះគន់ទាំងឡាយណា ពាក់ព័ន្ធដល់ ភាពអសកម្មរបស់មន្ត្រីនគរបាលចរាចរណ៍មួយចំនួន ដែលមានអាកប្បកិរិយាមិនសមរម្យ ល្មើសវិន័យ កងកម្លាំង ពុំមានក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញភារកិច្ច។ យើងខ្ញុំនឹងធ្វើការត្រួតពិនិត្យឱ្យបាន ហ្មត់ចត់ ដើម្បីអនុវត្តវិន័យកងកម្លាំង និងមានវិធានការច្បាប់តាមកម្រិតនៃអំពើខុសឆ្គងរបស់មន្ត្រី ទាំងនោះ។ សូមសហការផ្តល់ព័ត៌មានរាល់សកម្មភាពខុសឆ្គងទាំងឡាយណាដែលប្រព្រឹត្តដោយមន្ត្រី នគរបាលចរាចរណ៍ផ្លូវគោក តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ ១១៧ និង/ឬទំនាក់ទំនងមកក្រុមការងារប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩១ ៥៥១ និងលេខ ០៧៦ ៧៧៧ ៧៧៣២។
អគ្គស្នងការដ្ឋាននគរបាលជាតិក៏សូមអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជា សាធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅទូទាំងប្រទេស សូមចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតរបស់យើង គ្រួសារយើង ក៏ដូចជាអាយុជីវិតជនគ្រប់រូប ក្នុងសង្គម ព្រមទាំងរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសេចក្តីថ្លៃថ្នូរជូនសង្គមជាតិ៕


ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ