ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការធ្វើលំហាត់សមយុទ្ធ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរអន្តរជាតិធំៗមានទំនុកចិត្ត ក្នុងការហោះដឹកភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា

    BY soknita February 28, 2025
    ការធ្វើលំហាត់សមយុទ្ធ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរអន្តរជាតិធំៗមានទំនុកចិត្ត ក្នុងការហោះដឹកភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX 24) ដើម្បីត្រៀមឆ្លើយតបឆាប់រហ័សនៅពេលមានគ្រោះអាសន្នកើតឡើង។

    លំហាត់សមយុទ្ធនេះបានធ្វើឡើង នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងគោលបំណងធ្វើការហ្វឹកហ្វឺន និងសាកល្បងសមត្ថភាព ស្ថាប័ន-អង្គភាព សមត្ថកិច្ចនានា ដែលមានការពាក់ព័ន្ធក្នុងការឆ្លើយតប និងជួយសង្គ្រោះជនរងគ្រោះនៅពេលមានគ្រោះមហន្តរាយ និងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ សំដៅត្រៀមលក្ខណៈឱ្យបានល្អប្រសើរទុកជាមុន ធានាបាននូវការឆ្លើយតប យ៉ាងឆាប់រហ័ស និងមានលក្ខណៈត្រឹមត្រូវ ដែលអាចកាត់បន្ថយបានជាអតិបរមានូវផលប៉ះពាល់ជាអវិជ្ជមានផ្សេងៗ។

    លំហាត់សមយុទ្ធនេះធ្វើឡើងស្របតាមគោលការណ៍របស់អង្គការអាកាសចរអន្តរជាតិ ដែលតម្រូវឱ្យគ្រប់អាកាសយានដ្ឋានអន្តរជាតិ ធ្វើរយៈពេល២ឆ្នាំម្ដង។ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ជាព្រលានយន្តហោះកម្រិត 4E ហើយទៅអនាគតនឹងមាន យន្តហោះខ្នាតធំៗ ដែលនឹងផ្ទុកអ្នកដំណើររហូតដល់ជាង ៣០០ទៅ៥០០នាក់ ដូច្នេះការត្រៀមក្នុងការឆ្លើយតបនៅពេលមានអាសន្ន ក៏ត្រូវរៀបចំឱ្យមានប្រសិទ្ធភាពផងដែរ។

    ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា លំហាត់សមយុទ្ធនេះ ពិតជាមានសារៈសំខាន់ណាស់៖

    ទី១. គឺដើម្បីសាកល្បងផែនការសង្គ្រោះបន្ទាន់របស់អាកាសយានដ្ឋាន និងវាយតម្លៃសមត្ថភាពប្រតិបត្តិការរបស់ខ្លួន ក្នុងទំនាក់ទំនងក្នុងពេលកើតហេតុជាក់ស្តែង។ ដើម្បីសាកល្បងនីតិវិធីក្នុងការហៅទំនាក់ទំនងទូរស័ព្ទនិងហ្វ្រេកង់ប្រើប្រាស់ពេលមានគ្រោះអាសន្ន និងសហការ ក្នុងការឆ្លើយតបរបស់ភ្នាក់ងារខាងក្នុង និងក្រៅអាកាសយានដ្ឋាន។ សាកល្បងការឆ្លើយតបវេជ្ជសាស្ត្រទាំងភ្នាក់ងារខាងក្នុង និងក្រៅអាកាសយានដ្ឋាន និងសាកល្បងក្នុងការទំនាក់ទំនងទីបញ្ជាការចល័ត និងមជ្ឈមណ្ឌលសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ។

    ទី២. គឺធ្វើឱ្យក្រុមហ៊ុនអាកាសចរអន្តរជាតិធំៗមានទំនុកចិត្ត ក្នុងការហោះដឹកភ្ញៀវទេសចរមកកាន់ប្រទេសយើង។ ដូចនេះទាក់ទងសុវត្ថិភាព សន្តិសុខអាកាសចរណ៍ បើសិនជាយើងពុំមានធ្វើលំហាតសមយុទ្ធ បង្ហាញជាភស្តុតាងឱ្យបានត្រឹមត្រូវទេនោះ ខាងក្រុមហ៊ុនអាកាសចរអន្តរជាតិធំៗ គេមិនហានមកចុះចត នៅព្រលានយន្តហោះយើងនោះទេ។

    ឯកឧត្តមបានបន្តថា ឥឡូវនេះអ្នកដំណើរចូលមកកាន់ខេត្តសៀមរាប តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ឃើញថា មានភាពល្អប្រសើរឡើងវិញគួរសមហើយ ដោយក្នុង ១ថ្ងៃមានប្រមាណ ៦ពាន់នាក់។

    សូមបញ្ជាក់ថា នេះជាលំហាត់សមយុទ្ធលើកទី១ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ បន្ទាប់ពីព្រលាននេះ បានត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែតុលា ឆ្នាំ ២០២៣។ ព្រលានយន្តហោះថ្មីនេះតម្លៃជិត ៩០០លានដុល្លារ វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (AIAI) មានសមត្ថភាពមានផ្ទុកអ្នកដំណើរបាន ៧លាននាក់ ក្នុងមួយឆ្នាំ។ ព្រលាននេះមានទីតាំងស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម និងមានចម្ងាយជាង ៤០គ.មពីទីរួមក្រុងសៀមរាប៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay