អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញ ជនជាតិថៃ ចំនួន ១១៩នាក់ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់
(ខេត្តបន្ទាយមានជ័យ)៖ តាមរយៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូលធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជនជាតិថៃ ចំនួន ១១៩នាក់ (ស្រី ៥៨នាក់) ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើស គ្រប់ប្រភេទ ឃាត់ខ្លួនកាលពីថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ដែរថា ជនបរទេសខាងលើត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនដែលបានធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងរកការងារចំណូលខ្ពស់ ដោយសកម្មភាពទាំងនេះពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដូចនេះសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចបរទេស ដើម្បីរៀបចំនីតិវីធីធ្វើការបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕





ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍