របាំព្រះរាជទ្រព្យកម្ពុជា នឹងត្រូវបានសម្តែងជាថ្មីម្តងទៀតនៅប្រទេសបារាំង
(ប្រទេសបារាំង)៖ នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ តាមរយៈ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងថា របាំព្រះរាជទ្រព្យកម្ពុជា នឹងត្រូវបានសម្តែងសារជាថ្មីម្តងទៀតនៅប្រទេសបារាំង ក្នុងថ្ងៃទី ៨ ដល់ ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ។

នៅក្នុងនោះដែរ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់បន្ថែមថា ការសម្តែងពិសេសចំនួន ៣ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ និងទី០៩ ខែមីនា ខាងមុខ នៅសារមន្ទីរ Musée du quai Branly – Jacques Chirac ក្រុងប៉ារីស៍។ ចំពោះការសម្តែងលើកទីពីរទៀត គ្រោងនឹងធ្វើនៅតាមខេត្ត ពោលគឺនៅ Opéra National de Bordeaux បន្ទាប់មកនៅ Cité musicale-Met ។
គួរបញ្ជាក់ដែរថា ដោយសារមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការសម្តែងរបាំព្រះរាជទ្រព្យខាងលើនៅប្រទេសបារាំង ឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងវប្បធម៌ដែលផ្សារភ្ជាប់ប្រទេសយើងទាំងពីរ ក៏ដូចជាផ្តល់ឱកាសស្វែងយល់អំពីរបាំមួយដែលមានអាយុកាលពាន់ឆ្នាំ អមដោយសម្លៀកបំពាក់ និងគ្រឿងលម្អដ៏ល្អឆើត និងកាយវិការរាំដ៏ទន់ភ្លន់ក្រៃលែងរបស់នាដការិនី៕


រូបថត៖ Thomy Keat