ចំណាំទុក! ក្រសួងការងារ បង្ហាញទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍
(រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ បានជូនដំណឹង ស្តីពីទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍។

ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា ទីភ្នាក់ងារជ្រើសរើសឯកជនដែលមានសិទ្ធិធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍ ចំនួន ៧៧ កន្លែង។
ចំពោះបងប្អូនដែលមានបំណងស្វែងរកការងារធ្វើនៅប្រទេសថៃ អាចពិនិត្យមើលបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើស ឯកជន ដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh ឬអាចជ្រើសរើសទីភ្នាក់ងារជ្រើសរើសឯកជន និងចុះឈ្មោះស្វែងរកការងារធ្វើនៅប្រទេសថៃ ដោយផ្ទាល់តាមកម្មវិធី ទូរសព្ទដៃ “MLVT Services” ឬតាមទូបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមាននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង ស្ថាប័នផ្សេងៗ ផ្សារទំនើប ហាងកាហ្វេ ម៉ាតធំៗ និងទីប្រជុំជនសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ។ លោកអ្នកក៏អាចស្វែងរកមញ្ជីឈ្មោះនិងរឈ្មោះ
ទីភ្នាក់ងារជ្រើសរើសឯកជន និងអាចតាមដានដំណើរការឯកសារចាប់ពីការចុះឈ្មោះស្វែងរកការងារធ្វើនៅប្រទេសថៃ រហូតដល់ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញ ដោយខ្លួនឯងផ្ទាល់តាមរយៈតំណរភ្ជាប់ https://tracking.ocwc.co/។
ជាមួយគ្នានេះដែរ ក្រសួងការងារ បានបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណាដែលមិនមានឈ្មោះក្នុងបញ្ជីខាងលើនេះ គឺចាត់ទុកថា ជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ Hotline លេខ១២៨៦/១២៩៧ លេខទូរស័ព្ទ ០៩៧ ៩២០ ២០២៣ ឬក្រុមតេលេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” តាមតំណភ្ជាប់ https://t.me/KhmerMigrantWorker ឬទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ។
ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុស ដែលអាចនាំឱ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារការផ្សព្វផ្សាយ ពាណិជ្ជកម្មពាក់ព័ន្ធនឹងការជ្រើសរើស ឬផ្តល់សេវារកការងារឱ្យធ្វើនៅបរទេសដល់ពលករខ្មែរនៅតាមបណ្តា សារព័ត៌មានណាមួយ ជាពិសេសតាមបណ្តាស្ថានីយ៍វិទ្យុត្រូវមានលិខិតអនុញ្ញាតចេញដោយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុន។








