អភិបាលខេត្តតាកែវ ចាត់ឱ្យក្រុមការងារចុះអនុវត្តនីតិវិធី ពាក់ព័ន្ធនឹងប្រជាពលរដ្ឋជាង១០០គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធលើដីជាង ៣០០ហិកតា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីតំណាងប្រជាពលរដ្ឋជាង ១០០គ្រួសារ មកពីភូមិចំនួន ៥ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី បាននាំគ្នាប្រមូលផ្ដុំ ធ្វើការតវ៉ា និងបានស្នើសុំអាជ្ញាធរកាត់ឆ្វៀលដីជាង ៣០០ហិកតា ចេញប្លង់កម្មសិទ្ធស្របច្បាប់ ចេញពីតំបន់សហគមន៍ឡូតិ៍នេសាទបឹងស្លែង ដែលមានផ្ទៃដីសរុបជាង ៥០០ហិកតាជូនពួកគាត់ ដែលពួកគាត់បានធ្វើកសិកម្មលើដីនេះតាំងពីឆ្នាំ ១៩៨០ មក នៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ ឯកឧត្តម វ៉ិ សំណាង អភិបាលខេត្តតាកែវបានចុះជួបពិភាក្សា និងដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋពីបញ្ហានេះ។

ថ្លែងនៅចំពោះមុខតំណាងប្រជាពលរដ្ឋ ១៤៦គ្រួសារ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានឯកភាពតាមសំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយឯកឧត្តមបានធ្វើការណែនាំដល់អាជ្ញាធរ ស្រុកឃុំភូមិ និងមន្រ្តីជំនាញ ចុះពិនិត្យស្រង់ស្ថិតិជាក់ស្ដែង កំណត់អត្តសញ្ញាណដីជាក់ស្ដែង ដើម្បីប្រមូលជារបាយការណ៍រួមមួយ ដាក់ស្នើសុំបន្តទៅថ្នាក់ជាតិដើម្បីសុំយោបល់សម្រេច ព្រោះថាតំបន់នេះ គឺកន្លែងដែលបានចុះបញ្ជីនៅក្រសួងកសិកម្ម ដូច្នោះប្រសិនមានតម្រូវការចំបាច់ជាក់ស្ដែងបែបនេះ ទាល់តែយើងប្រមូលរបាយការណ៍ជាក់លាក់ ដាក់ពាក្យស្នើសុំទៅក្រសួង និងរាជរដ្ឋាភិបាល ដើម្បីកាត់ចេញឱ្យបងប្អូនប្រជាពលរដ្ឋ ។
យោងតាមការបញ្ជាក់ពី លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរីបានឱ្យដឹងថា តំបន់ដែលបងប្អូនប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរជួយចេញប្លង់កម្មសិទ្ធនោះ គឺជាតំបន់សហគមន៍ឡូតិ៍នេសាទបឹងស្លែង ដែលបានចុះបញ្ជីនៅក្រសួងកសិកម្មរួចរាល់អស់ហើយ ប៉ុន្តែបច្ចុប្បន្ននេះមានប្រជាពលរដ្ឋអាស្រ័យផលជាក់ស្ដែង ១៤៦គ្រួសារ ស្មើនឹងផ្ទៃដី ៣០៥,៧២ ហិចតា។
បន្ទាប់ពីមានការចុះមកដោះស្រាយពីសំណាក់ ឯកឧត្តមអភិបាលខេត្តតាកែវ បងប្អូនប្រជាពលរដ្ឋជាង ១០០គ្រួសារ បានសម្ដែងក្ដីសប្បាយរីករាយ និងផ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ហើយនៅពេលដែលប្រជាពលរដ្ឋមានបញ្ហាឯកឧត្តមបានចុះមកដោះស្រាយភ្លាមៗតែម្ដង៕






ប្រភព៖ ក្រសួងព័ត៌មាន