ចំណាត់ការរហ័ស! ស្នងការនគរបាលខេត្តកំពត បានរកឃើញស្ដ្រីជនជាតិបរទេស ដែលបាញ់ថ្នាំពណ៌នៅលើបង្កាន់ដៃស្ពានព្រែកកំពង់បាយហើយ
(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ក្រោយធ្វើការស្វែងរក និង ស្រាវជ្រាវ ពេលនេះអធិការក្រុងកំពត បានរកឃើញរកស្ត្រីជនជាតិបរទេសដែលបានបាញ់ថ្នាំពណ៌នៅលើបង្កាន់ដៃស្ពានព្រែកកំពង់បាយហើយ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ ស្ដ្រីជនជាតិបរទេសខាងលើ បានជិះម៉ូតូឡើងលើស្ពានព្រែកកំពង់បាយរួចក៏បានបាញ់ថ្នាំពណ៌នៅលើបង្កាន់ដៃស្ពាន។ បន្ទាប់ពីឃើញសកម្មភាពបែបនេះហើយ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះរូបភាព រួមជាមួយវីដេអូ សកម្មភាព ស្រ្តីជនជាតិបរទេសបាញ់ថ្នាំនៅលើបង្កាន់ដៃស្ពាន ដោយភ្ជាប់ជាមួយខ្លឹមសារដូច្នេះថា៖ «ប្រទេសខ្ញុំខេត្តខ្ញុំមានច្បាប់ទំលាប់ត្រឹមត្រូវ មិនមែនអ្នកឯងចង់ធ្វើអ្វីស្រេចតែអំពើចិត្តនោះទេ អ្នកត្រូវត្រលប់មកសម្អាតស្ពានអោយបានដូចដើមឡើងវិញ សមត្ថកិច្ចកំពុងចុះទៅយកស្ត្រីជនជាតិបរទេសដែលបានបាញ់ថ្នាំលើបង្កាន់ដៃស្ពានព្រែកកំពង់បាយដើម្បីធ្វើការតាមនិតិវិធីច្បាប់និងត្រូវសម្អាតអោយបានស្អាតដូចដើមឡើងវិញ»៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត