អគ្គនាយកដ្ឋានគយ បង្ក្រាបបានទូកុងទីន័រចំនួន ៤ផ្ទុកសំបកកង់រថយន្តចាស់ៗ ដែលគេដឹកមកចោលនៅកំពង់ផែក្រុងព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា មានទូកុងទីន័រចំនួន ៤ ដែលមានទម្ងន់សរុប ៧៨,៦៤០ គីឡូក្រាម ជាមុខសញ្ញានៃការនាំចូលមកបោះបង់ចោលនៅកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូលផងដែរ។

តាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗ ដែលប្រើរួច ហើយផ្ទុកក្នុងកុងទីន័រចំនួន ៤ ទូ មានទម្ងន់សរុប ៧៨,៦៤០ គីឡូក្រាម ពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
បន្ទាប់ពីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានអញ្ញាតប័ណ្ណផ្តល់ ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យ និងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងទីន័រចំនួន ៤ ទូ ថាមានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច។
ភ្លាមៗនោះ មន្រ្តីគយមានសមត្ថកិច្ច បានទាក់ទងទៅក្រុមហ៊ុននាវាដឹកជញ្ជូន និងម្ចាស់ទំនិញ ដើម្បីកាត់សៀលបើកទូត្រួតពិនិត្យទំនិញជាក់ស្តែងផ្ទុកក្នុងកុងទីន័រទាំង ៤នោះ ដោយឃើញថា មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើប្រាស់រួច សរុបទម្ងន់ ៧៨,៦៤០ គីឡូក្រាម ដែលជាមុខសញ្ញានៃការនាំចូលយកមកបោះបង់ចោលនៅព្រះរាជាណាចក្រកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូលស្របតាមបញ្ញត្តិនៃអនុក្រឹត្យលេខ ៣៧០ អន.ក្របក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ និងមាត្រា ៨ នៃច្បាប់ស្តីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៧។
ដោយពិនិត្យឃើញថា ករណីនេះជាបទល្មើសច្បាប់ស្តីពីគយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចដោយបង្ខំឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញនូវទំនិញទាំង៤ទូកុងតឺន័រនេះ ឱ្យបានឆាប់រហ័សបំផុត យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបង់ពិន័យដោយយោងតាមបញ្ញត្តិមាត្រា ៧៤ និង៧៥ នៃច្បាប់ស្ដីពីគយជាធរមាន។
ជាលទ្ធផល នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្ចាស់ទំនិញបានបញ្ចប់នីតិវិធីបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចនេះចេញទៅវិញជាស្ថាពរ និងបានបង់ពិន័យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ការបញ្ជូនទូកុងតឺន័រកាកសំណល់ខុសច្បាប់នាំចេញត្រលប់ទៅវិញនេះ គឺធ្វើឡើងដោយស្របតាមអនុសញ្ញាអន្តរជាតិបាសែលស្តីពីការត្រួតពិនិត្យការដឹកជញ្ជូនអន្តរជាតិ និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ ឆ្នាំ ១៩៨៩ (Basel Convention on the Control of Transboundary Movements of Hazardous Wastes and their Disposal 1989)។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាតែងតែយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាព ចំពោះទំនិញនាំចេញ នាំចូល និងឆ្លងកាត់។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ក្រាបបានការនាំចូលដោយខុសច្បាប់នូវទំនិញហាមឃាត់មួយចំនួនរួមមាន សាច់បង្កកនិងផលិតផលពីសាច់សត្វខូចគុណភាព ៣៧ ករណី ស្មើនឹង ៩៤ ០១៨ គីឡូក្រាម និងគ្រឿងញៀន (ទម្ងន់សុទ្ធ) ៦៦ ៣០០,៩៤ ក្រាម។ ជាមួយគ្នានេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ចំនួន ១០៧ មុខ ដែលមានទម្ងន់សរុបប្រមាណ ៥០៧ តោន៕



