ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រុកសំឡូតមានសក្កានុពលផ្នែកកសិករ ទេសចរណ៍ដ៏ទាក់ទាញច្រើនកន្លែង សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកកំសាន្ត

    BY soknita March 8, 2025
    ស្រុកសំឡូតមានសក្កានុពលផ្នែកកសិករ ទេសចរណ៍ដ៏ទាក់ទាញច្រើនកន្លែង សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកកំសាន្ត

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្រុកសំឡូតជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង ១៤នៃខេត្តបាត់ដំបង មានចំងាយប្រមាណ ៨២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង និងមានព្រំប្រទល់ជាប់ នឹងស្រុកបរ៉ៃ ខេត្តត្រាតប្រទេសថៃ មានប្រជាពលរដ្ឋប្រមាណជាង ៧៧ភាគរយប្រកបរបរកសិកម្ម។

    លោក សើ សាម៉េត អភិបាលស្រុកសំឡូតមានប្រសាសន៍ឱ្យដឹងថាស្រុកសំឡូតក្រៅពីមានសក្កានុពលផ្នែកកសិកម្ម ដូចជាដំណាំពោត ដំឡូងមី ដំណាំទុរ៉េន តាង៉ែន ស្វាយជាដើម ស្រុកនេះក៏មានសក្តានុពលផ្នែកវិស័យទេសចរណ៍ធម្មជាតិ និងកែច្នៃសម្បូរបែបផងដែរ ដែលបានកំពុងស្រូបទាញភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្តកាន់តែច្រើនឡើង។ លោកសើ សាម៉េត បញ្ជាក់បន្ថែមថា៖« ស្រុកសំឡូតវិស័យទេសចរណ៍កំពុងមានការទាក់ទាញខ្លាំងក្នុងនោះមាន ទឹកធ្លាក់ចំការស្វាយ រមនីយដ្ឋានចំការទុរ៉េន ទឹកធ្លាក់អូរជាំ ទឹកធ្លាក់អេនជូលីណា ទឹកធ្លាក់ចម្លងកួយ និងមានរីសត ចំនួនបីធំៗផ្តល់ទីតាំងឱ្យភ្ញៀវស្នាក់នៅលំហែរកំសាន្តដែលកំពុងទាក់ទាញខ្លាំង» ។ ក្រៅពីតំបន់ទេសចរណ៍ខាងលើនេះ ចំការទុរេនប្រមាណជាង ១ពាន់ហិកតា ក៏ជាមុខព្រួញទេសចរណ៍មកលេងកំសាន្ត និងមានឱកាសទិញផ្លែទុរេនលើដើមផ្ទាល់ទទួលទានភ្លាមៗ និងផ្ញើបងប្អូនមិត្តិភ័ក្រ្តជាដើម ។

    លោកបន្ថែមថាអាជ្ញាធរបានរក្សាសន្តិសុខបានល្អ ទោះថ្ងៃសៅរ៍ អាទិត្យក៏ដោយ ហើយពិសេសនោះគឺអាជ្ញាធរបានណែនាំ មិនឱ្យអាជីវករឡើងថ្លៃសេវាផ្សេងៗដូចជាម្ហូបអាហារនោះឡើយ។ លោកអភិបាលស្រុកសំឡូតបន្តឱ្យដឹងថា៖ «ភ្ញៀវទេសចរណ៍មានក្នុងស្រុក និងមកពីខេត្តផ្សេងៗដែលគាត់ដឹងពីភាពល្បីល្បាញរបស់ស្រុកសំឡូត មកលេងទឹកកំសាន្ត ផ្លែទុរេនល្បីរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងមានរីសតស្អាតៗស្នាក់នៅលំហែអារម្មណ៍ជាដើម»។

    សូមបញ្ជាក់ថាស្រុកសំឡូត មានផ្ទៃដីសរុបចំនួនជាង ១ពាន់៧០០គីឡូម៉ែត្រការ៉េ ចែកចេញជា ០៧ ឃុំ និងភូមិចំនួន ៥៩ ភូមិ ប្រជាជនរស់នៅជាង ១ម៉ឺន២ពាន់ ៧រយគ្រួសារ មនុស្សរាយជាង៥ម៉ឺនបីពាន់៥រយនាក់ ក្នុងនោះស្រីជាង២ម៉ឺន៧ពាន់៤រយនាក់, ពលរដ្ឋអាយុ១៨ ឆ្នាំឡើងចំនួនជាង ២ម៉ឺន ៦ពាន់ ៨រយនាក់។ ប្រជាពលរដ្ឋតំបន់នេះមានមុខរបរសំខាន់គឺ កសិកម្មមានប្រមាណ ៧៧.៥ ភាគរយ ក្រៅពីនោះ ជាអាជីវករលក់ដូរ និងជំនួញ មន្រ្តីរាជការ និង និងការងារបន្ទាប់បន្សំផ្សេងៗទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: