ខេត្តព្រះសីហនុ រៀបចំអភិវឌ្ឍរមណីយដ្ឋាន និងលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែង ឱ្យទៅជារមណីយដ្ឋានឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់
យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកជំទាវ បានអញ្ជើញបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងដែនដី អភិបាលក្រុង ស្រុកទាំង៦ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅបរិវេណឆ្នេរព្រែកត្រែង នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥។

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ជាគម្រោងស្ថារលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែង៖
១. រៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់សម្រាប់សាធារណ ជននិងទេសចរ។
២. រៀបចំតំបន់សុវត្ថិភាពសម្រាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្នាំសមុទ្រសម្រាប់ការពារសុវត្ថិភាព។
៣. រៀបចំសួនច្បារសាធារណៈ ដាំដើមឈើបណ្តាញបៃតង និងកន្លែងពិកនិកកម្សាន្ត នៅលើដីចំណីឆ្នេរសមុទ្រសម្រាប់សាធារណជន និងទេសចរ។
៤. រៀបចំផ្លូវថ្មើរជើងដោយមានផ្លូវសម្រាប់ជនមានពិការភាពនៅលើដីចំណីឆ្នេរសមុទ្រស្របតាមបណ្តោយឆ្នេរសមុទ្រ។
៥. រៀបចំកន្លែងអង្គុយលលម្ហែ កន្លែងលេងកីឡា ឡានម្ហូបដែលមានស្តង់ដាអន្តរជាតិ សម្រាប់សាធារណជន និងទេសចរ។
៦. រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសម្រាប់ជនមានពិការភាព។
៧. ជួសជុលកែលម្អកញ្ចុះចាស់ៗដែលមានស្រាប់សម្រាប់សាធារណជន និងទេសចរ។
៨. រៀបចំដំឡើងឆត្រប្រក់ស្បូវសម្រាប់សាធារណជន និងទេសចរ។
៩. រៀបចំចំណតរថយន្ត និងចំណតយានយន្តសាធារណៈនៅក្នុងតំបន់រណប។
១០. រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។
១១. រៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាមស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។
នៅពេលសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណ:កម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” រួចរាល់ ខេត្តព្រះសីហនុនឹងកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគកាន់តែច្រើនបន្ថែមទៀតមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕




ប្រភព៖ ក្រសួងព័ត៌មាន