ត្រៀមខ្លួនរាប់ថយក្រោយ នៅសល់តែ ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នឹងប្រព្រឹត្តឡើងក្នុងខេត្តតាកែវ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅសល់តែ ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នឹងប្រព្រឹត្តឡើងក្នុងខេត្តតាកែវ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ហើយក៏មានរៀបចំនូវកម្មវិធីសំខាន់ៗជាច្រើនផងដែរ។

ចំពោះប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នេះ រៀបចំធ្វើឡើង ដោយមានក្រសួងទេសចរណ៍សហការជាមួយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តតាកែវ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តតាកែវ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥ នៅខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្ម ទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ដែលប្រព្រឹត្តនៅលើទឹកដីនៃខេត្តតាកែវ ក៏នឹងមានរៀបចំនូវកម្មវិធីសំខាន់ៗជាច្រើនដូចជា៖
១- ការសម្តែងផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី និងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ ២០២៥។
២- ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រ ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញសមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តតាកែវ។
៣- សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជន ដោយមានសកម្មភាពកីឡាជាច្រើនប្រភេទ រួមជាមួយ កម្មវិធីបង្ហោះគោមនៅពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនផ្សេងៗទៀត៕

