រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុបប្រចាំខែមេសា ឆ្នាំ២០២៥
(រាជធានីភ្នំពេញ)៖ តាមរយៈគណនីរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុបប្រចាំខែមេសា ឆ្នាំ ២០២៥។

យោងតាមសេចក្ដីជូណដំណឹងរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ។
ក្នុងសេចក្តីដូចបានជម្រាបជូនខាងលើ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើក ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ និងត្រូវរៀបចំ បើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ ២០២៥ ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែឧសភា និងលើកទី២ឱ្យបាន ក្នុងសប្តាហ៍ទី៣នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ ២០២៥ អនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។
ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈ អភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹង នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia