អធិការនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដោះយកដែកផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដោះយកដែកផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ នៅចំណុចផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្រោយឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ជុំវិញករណីលួចយកដោះយកដែកផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានបបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវលើករណីនេះ។
ដោយឡែក នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ០២:៣០នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដោះយកដែកផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ចំពោះជនសង្ស័យរូបនេះមានឈ្មោះថា ទួន កក្កដា ហៅ ខ្មៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ រីឯវត្ថុតាងដែលចាប់យកបានមានផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនចំនួន ០១ផ្ទាំង។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕




ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ