សមរាត្រី ២ថ្ងៃនៅខេត្តសៀមរាប ទាក់ទាញអ្នកទស្សនាជាង ៥៧ ០០០នាក់
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅខេត្តសៀមរាបទឹកដីអច្ឆរិយៈ នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥នេះ ដែល ជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី (ព្រះអាទិត្យរះចំកណ្ដាលកំពូល ប្រាសាទ) ទាក់ទាញអ្នកទស្សនាចំនួន៣៧ ០០៣នាក់ ។ក្នុងនោះភ្ញៀវជាតិចំនួន ៣៣ ៥០០ នាក់ និងទេសចរបរទេស ចំនួន៣ ៥០៣ នាក់។ព្រឹត្តិការណ៍សមរាត្រី នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២១ដល់ទី ២៣ ខែមីនា ឆ្នាំ ២០២៥ នាប្រាសាទអង្គរវត្ត។

ដោយឡែកបើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរាសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដនាព្រឹកថ្ងៃទី២១ ខែមីនា បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ២ម៉ឺននាក់ ក្នុងនេះភ្ញៀវទេសចរបរទេសជិត ៤ ០០០នាក់។
សូមបញ្ជាក់ថា សមរាត្រីប្រាសាទអង្គរវត្ត (Equinox Angkor) ជាបាតុភូត ព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ។ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាល ប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។
អង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ មានរចនាប័ទ្មល្អឥតខ្ចោះ បង្កប់នូវឃ្លាំងពុទ្ធិ អាថ៌កំបាំងនៃគតិបណ្ឌិតដែលមិនចេះរីកស្ងួត ក្បួនច្បាប់វិទ្យាសាស្ត្រ តារាសាស្ត្រ ទស្សនវិជ្ជាខ្មែរ និងការត្រាស់ដឹង ចាក់ធ្លុះជ្រួតជ្រាបច្បាស់អំពីជម្រៅនៃ ច្បាប់ ធម្មជាតិ និងទំនាក់ទំនងនៃដំណើរគោរចនៃប្រព័ន្ធផែនដីនិងចក្រវាឡ ដែលមាន ខ្លឹមសារនិងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា៕





ប្រភព៖ ក្រសួងព័ត៌មាន