ផ្លូវមហាវិថី ឈ្នះឈ្នះ ត្រង់ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ នឹងត្រូវបិទម្ខាង បើកម្ខាង រយៈពេល២ខែ ដើម្បីបំពាក់ម៉ូទ័របូមទឹកបន្ថែម
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្លូវមហាវិថី ឈ្នះឈ្នះ ត្រង់ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ នឹងត្រូវបិទម្ខាង បើកម្ខាង រយៈពេល២ខែ ដើម្បីសង្កត់គ្រឹះចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋឱ្យបានដឹងថា នៅក្នុងរាជធានី ភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញឱ្យបានជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកកប់ស្រូវ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹក មុខកាត់ ១,៥ម៉ែត្រចំនួន០២គ្រឿង ដែលមានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី ។បច្ចុប្បន្ន ការងារសាងសង់ ស្ថានីយនេះដល់ដំណាក់កាលសង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ ទទឹងមហាវិថីឈ្នះ ឈ្នះ ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ។
ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទកំណាត់មហាវិថី ឈ្នះឈ្នះចំណុចមុខស្ថានីយបូមទឹកកប់ស្រូវស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។
អាស្រ័យហេតុនេះសូមសាធារណជនទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាម ផែនការកំណត់។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរលើកំណាត់ផ្លូវ ខាងលើនេះឱ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ