អ្នកមានប័ណ្ណសមាជិក ប.ស.ស. ដែលបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយបាន នៅពេលឈឺ ឬសម្រាកព្យាបាល នៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស.
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានឱ្យដឹងថា អ្នកមានប័ណ្ណសមាជិក ប.ស.ស. ដែលបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ ឬគ្រឹះស្ថាន អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយបាន នៅពេលឈឺ ឬសម្រាកព្យាបាល នៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស.។

តាមការបញ្ជាក់បន្ថែមរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះអ្នកកំពុងបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីជាមួយ ប.ស.ស. ហើយអ្នកមានប័ណ្ណសមាជិក ប.ស.ស. គឺអាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយ នៅពេលឈឺ ឬគ្រោះថ្នាក់ ត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស.។
ដោយឡែក ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយ នៅពេលឈឺ ឬគ្រោះថ្នាក់ ត្រូវសម្រាកព្យាបាល លុះត្រាតែសមាជិក ប.ស.ស. បានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
-បានសម្រាកព្យាបាលចាប់ពី ៨ថ្ងៃឡើងទៅ ដែលមានវេជ្ជបញ្ជាត្រឹមត្រូវរបស់គ្រូពេទ្យព្យាបាល នៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស.
-បានបង់ភាគទានយ៉ាងតិចចំនួន ២ខែជាប់គ្នា ឬចំនួន ៦ខែក្នុងរយៈពេល ១២ខែចុងក្រោយគិតមកដល់ ខែដែលមានបញ្ហាសុខភាព និងគ្រោះថ្នាក់ (ផ្នែកថែទាំសុខភាព)
-កំពុងបំពេញការងារនៅតាម ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីជាមួយ ប.ស.ស.។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
