ក្រសួងមុខងារសាធារណៈ ត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៤ ក្រសួង-ស្ថាប័ន សម្រាប់ក្របខណ្ឌឆ្នាំ ២០២៥
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ បានត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៤ ក្រសួង-ស្ថាប័ន សម្រាប់ក្របខណ្ឌឆ្នាំ ២០២៥។

ចំពោះការត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៤ ក្រសួង-ស្ថាប័ន នេះដែរ មានវត្តមាន ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារតាមក្រសួង ស្ថាប័នចំនួន ៤ សម្រាប់ក្របខណ្ឌឆ្នាំ ២០២៥។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នសាមីទាំង ៤ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ជាច្រើនរូប។
សម្រាប់ការជ្រើសរើសមន្ត្រីនៃក្រសួង ស្ថាប័នទាំង ៤ ដែលនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរួមមាន៖
១. មន្ត្រីកសិកម្មឃុំ ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២. មន្ត្រីសុខាភិបាល នៃក្រសួងសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងា
៣. មន្ត្រីក្របខណ្ឌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៤. មន្រ្តីផ្នែកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។
អង្គប្រជុំបានធ្វើបទបង្ហាញ និងមានការពិភាក្សាចូលរួមមតិយោបល់លើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើស គិតចាប់ពីការរៀបចំផ្សព្វផ្សាយសេចក្តីជូនដំណឹង ការទទួលការដាក់ពាក្យចូលរួមប្រឡងប្រជែង ដំណើរការប្រឡងប្រជែងនិងកំណែវិញ្ញាសា រហូតដល់ការប្រកាសលទ្ធផលនិងបែងចែកទៅតាមអង្គភាពគោលដៅ ធ្វើយ៉ាងណាត្រូវអនុវត្តឱ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» និងនិយាមនីតិវិធីប្រតិបត្តិការប្រឡងប្រជែង «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។
គួរបញ្ជាក់ផងដែរ សាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមតាមដានព័ត៌មាន និងភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
-បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)
-បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.Newត) ៕



ប្រភព៖ ក្រសួងមុខងារសាធារណៈ