អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក ឌួង ឆាយ អនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឱ្យទៅដេត ម៉ាលីណាត្រូវជាម្តាយ ឬ ប្រគល់ឱ្យមកអាជ្ញាសាលា ឱ្យបានឆាប់ក្នុងរយៈពេល ៧ថ្ងៃ ជាកំហិត
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក ឌួង ឆាយ អនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឱ្យទៅដេត ម៉ាលីណាត្រូវជាម្តាយ ឬ ប្រគល់ឱ្យមកអាជ្ញាសាលា ឱ្យបានឆាប់ក្នុងរយៈពេល ៧ថ្ងៃ ជាកំហិត។

នៅក្នុងលិខិតជូនដំណឹងនេះដែរ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ ជូនដល់ ឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៥៦ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាកូនបំណុលនៃការអនុវត្ត ឱ្យបានជ្រាបថា ដីកាសម្រេចលេខ ០៨ក្រVII សអ. ដកស ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ បានចូលជាស្ថាពរ និងមានអានុភាពអនុវត្តតាមផ្លូវច្បាប់។ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចនេះម្តងរួច បានចុះអនុវត្តដីកាសម្រេចនេះម្តងរួចមកហើយ ប៉ុន្តែការអនុវត្តនេះ មិនបានសម្រេច។ អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការគឺជាបទល្មើសព្រហ្មទណ្ឌ “បទធ្វើឱ្យបាត់ជំនឿ លើសេចក្តីសម្រេចរបស់តុលាការ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ស្របតាមមាត្រា ៥២៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ហេតុដូច្នេះ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សូមបង្គាប់ឱ្យឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ឱ្យទៅឈ្មោះដេត ម៉ាលីណា ភេទស្រី សញ្ជាតិខ្មែរ ដែលត្រូវជាម្តាយ និងជាម្ចាស់បំណុលនៃការអនុវត្ត ឬប្រគល់ឱ្យមក អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចនៃដីកាសម្រេចលេខ ០៨ក្រVII សអ. ដកស ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានឆាប់រហ័សក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពី ថ្ងៃជូនដំណឹង ហឹងនេះ រហូតដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ដប់ប្រាំពីរ និងសូន្យនាទី ជាកំហិត។
ក្នុងករណីដែលលោកពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្ត និងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចខាងលើ នោះទេ អាជ្ញាសាលា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ អាស្រ័យដូចនេះ សូមលោក ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ត្រូវធ្វើការអនុវត្តឱ្យខានតែបាន៕



ប្រភព៖ ក្រសួងយុត្តិធម៌