មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នើឱ្យម្ចាស់ផេកមួយដែលបង្ហោះវីដេអូលេបប្រម៉ាត់ទាកាប៉ាស្រស់ លុបវីដេអូ និងខ្លឹមសារចោល ចៀសវាងមានការភាន់ច្រឡំ និងអំពាវនាវដល់សាធារណជនបញ្ឈប់ការចែករំលែកបន្ត
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នើដល់ម្ចាស់ផេក ដែលបង្ហោះវីដេអូពាក់ព័ន្ធនឹងការលេបប្រម៉ាត់ទាកាប៉ាស្រស់ ឱ្យលុបចោលវិញ ចៀសវាងមានការភាន់ច្រឡំ និងអំពាវនាវដល់សាធារណជនបញ្ឈប់ការចែករំលែកបន្ត។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីបានឃើញម្ចាស់គេហទំព័របណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា Mommy Natural បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើង (Caption) ថា៖ «ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូច ខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង។ ធ្មេចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អ ជាធម្មតា ញ៉ាំអីបានគ្រប់យ៉ាងមិនមានតមអ្វីទាំងអស់ ដោយសារញ៉ាំប្រម៉ាត់ទាកាប៉ាស្រស់ៗនេះឯង»។
តាមរយៈវីដូអូរៀបរាប់របស់ម្ចាស់ផេក Mommy Natural ពាក់ព័ន្ធនឹងការលេបប្រម៉ាត់ទាកាប៉ាស្រស់ខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះពុំទាន់មានការសិក្សា ស្រាវជ្រាវណាមួយដែលបង្ហាញពីលទ្ធផលប្រសិទ្ធភាព នៃការលេបប្រម៉ាត់ទាកាប៉ាស្រស់ ដើម្បីព្យាបាល និងជំនួយ សុខភាពសម្រាប់អ្នកជំងឺកាត់ប្រម៉ាត់នោះទេ។
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ទទូចស្នើសុំដល់ម្ចាស់ផេក Mommy Natural មេត្តាលុបចោលនូវរូបភាពវីដេអូ និងខ្លឹមសារ Caption ជៀងវាងមានការភាន់ច្រលំ ព្រមទាំងអំពាវនាវដល់សាធារណជនប្រើប្រាស់ បណ្តាញសង្គមទាំងអស់ សូមមេត្តាបញ្ឈប់ការផ្សព្វផ្សាយចែករំលែកបន្តនូវព័ត៌មានខាងលើ៕
