ក្រសួងការងារ អំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ
(ប្រទេសថៃ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក កំពុងតាមដានករណីបាក់រលំអាគារមួយកន្លែង មានពលករបរទេសចំនួនប្រមាណជា ៣០នាក់ នៅមិនអាចបញ្ជាក់បានថាមានជនជាតិណាខ្លះឡើយ និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃឱ្យបង្កើនការប្រុងប្រយ័ត្ន។

តាមការបញ្ជាក់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ មានគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស។
ក្រសួង និងស្ថានទូតនឹងបន្តតាមដាន និងត្រៀមខ្លួនផ្តល់ការគាំពារក្នុងករណីចាំបាច់។ ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។
បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាដើម្បីសុំជំនួយតាមរយៈ ទូរសព្ទ៖
– លេខ ០៩៤ ០៩២ ៥៩០៥, ០៩៤ ៤១៦ ៥៥៨
– លេខ ០៨៣ ៥៤៥ ៧៧៨៨ (លោក ឈឹម វិបុល)
– លេខ ០៦២ ០៨៩ ៨៩១៨ (លោក សម្ផស្ស)
– លេខ ០៩២ ២៩៩ ០១៣៣ (កញ្ញា ចន្ថា)៕

