ក្រសួងការបរទេសកម្ពុជា ជាមួយស្ថានទូតនៅថៃ និងមីយ៉ាន់ម៉ា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើហេតុការណ៍រញ្ជួយដី ជាពិសេសពាក់ព័ន្ធពលរដ្ឋខ្មែរ ក្រែងជួបគ្រោះថ្នាក់ណាមួយក្នុងហេតុការណ៍នេះ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្រសួងការបរទេសកម្ពុជា ជាមួយស្ថានទូតនៅថៃ និងមីយ៉ាន់ម៉ា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើហេតុការណ៍រញ្ជួយដី ជាពិសេសពាក់ព័ន្ធពលរដ្ឋខ្មែរ ក្រែងជួបគ្រោះថ្នាក់ណាមួយក្នុងហេតុការណ៍នេះ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់មារ នៅរសៀល ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ារ ដើម្បីប្រមូលព័ត៌មានអំពី សុវត្ថិភាពរបស់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្ថិតក្នុងប្រទេសទាំងពីរ ដោយទទួលបានព័ត៌មាន បឋមពីស្ថានទូត ដូចខាងក្រោម៖
១. មានករណីរញ្ជួយដីកម្រិតខ្លាំងនៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ារ ដែល បណ្តាលឱ្យមានការបាក់អគារ និងបង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។
២. ស្ថានទូត មិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះ ដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។
៣. ស្ថានទូត បានចាត់វិធានការភ្លាមៗ និងបានណែនាំដល់មន្ត្រីស្ថានទូតធ្វើការទាក់ទងប្រមូល ព័ត៌មានពីអាជ្ញាធរនៃប្រទេសតាំងនៅ និងក្រុមការងារគ្រប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅ និងធ្វើការ អំពីសុវត្ថិភាពរបស់ពួកគាត់ ហើយនិងត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធនៃប្រទេសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយ ឱ្យ អស់ពីលទ្ធភាព។
៤. ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋ ខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសទាំងពីរខាងលើ ពិសេសតំបន់ដែលរងគ្រោះដោយ ករណីរញ្ជួយដីទាំងនេះ សូមទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកដើម្បីឱ្យពួកគេ ដឹងថាអ្នកមានសុវត្ថិភាព រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់ទាំងឡាយ សម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមការណែនាំ ឬវិធានការសុវត្ថិភាពរបស់អាជ្ញាធរ មូលដ្ឋាន។ ក្នុងករណីត្រូវការជំនួយនានា ឬជំនួយកុងស៊ុល សូមមេត្តាទាក់ទង៖
– ស្ថានទូតកម្ពុជានៅទីក្រុងបាងកក៖
• អាស័យដ្ឋាន៖ 518 / 4 Pracha Uthit Rd., Soi Ramkamhaeng 39, Wangthonglang, Bangkok 10310, Kingdom of Thailand.
លេខទំនាក់ទំនង៖ (០២) ៩៥៧-៥៨៥១-២
– ស្ថានទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ារ៖
អាស័យដ្ឋាន៖ No. 25(3B-4B), New University Avenue Road, Bahan Township, Yangon, Myanmar
លេខទំនាក់ទំនង៖ (៩៥១) ៥៤ ៩៦ ០៩, ៥៤ ០៩ ៦៤៕
