កម្មករនិយោជិត ឬប្រជាពលរដ្ឋទាំងអស់ អាចជិះរថយន្ដក្រុងសាធារណ: ដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ខ្មែរខាងមុខនេះ
(រាជធានីភ្នំពេញ)៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹង កម្មករនិយោជិត ឬប្រជាពលរដ្ឋទាំងអស់ អាចជិះរថយន្ដក្រុងសាធារណ: ដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ខ្មែរខាងមុខនេះ។

ក្នុងនោះដែរ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានឱ្យដឹង កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្ដក្រុងសាធារណ:ក្នុងកំឡុងពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ “ជិះដោយមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
គួរបញ្ជាក់ផងដែរថា សេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៦ថ្ងៃ ដោយមិនតម្រូវឱ្យមានការចុះឈ្មោះ ឬបង្ហាញអត្ដសញ្ញាណប័ណ្ណ កាតសម្គាល់ និងឯកសារផ្សេងៗណាមួយឡើយ គ្រាន់តែបងប្អូនប្រជាពលរដ្ឋទៅកាន់ទីតាំងតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើដំណើរតែម្ដង។ ចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្តក្រុងសាធារណៈជិះទៅស្រុកកំណើត៖
-ជិះដោយមិនបង់ប្រាក់
-ជិះដោយមិនតម្រូវឱ្យមានការចុះឈ្មោះ
-ជិះដោយមិនតម្រូវអត្តញាណប័ណ្ណ ឬឯកសារផ្សេងៗ។
សូមស្គេនតាមរយៈ QR Code ឬ ចុចលើLink: https://heylink.me/PPCITYBUS/ ដែលបានជូនភ្ជាប់ជាមួយ ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ។ ចំពោះព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងតាមលេខ ០១២ ២៤០ ៨២២, ០៦៩ ២៤០ ៨២២៕



ប្រភព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ