អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ កម្លាំងនគរបាលស្រុកអង្គស្នួល ដែលរងរបួសក្នុងប្រតិបត្តិការទាក់ចាប់មុខសញ្ញាផ្តើមចេញពីករណីឆក់ និងឈានដល់ធ្វើសកម្មភាពយកអា-វុធភ្ជ-ង់រថយន្តអ្នកធ្វើដំណើរ នៅលើផ្លូវល្បឿនលឿន
(ខេត្តកណ្ដាល)៖ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ កម្លាំងនគរបាលស្រុកអង្គស្នួល ដែលរងរបួស ក្នុងប្រតិបត្តិការទាក់ចាប់មុខសញ្ញាផ្តើមចេញពីករណីឆក់ និងឈានដល់ធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេចខ្លួន នៅចំណុចផ្លូវល្បឿនលឿន។

តាមការបញ្ជាក់បន្ថែមរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា នារសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត លោកអភិបាលស្រុកអង្គស្នួល បានអញ្ជើញសួរសុខទុក្ខ លោក អនុសេនីយ៍ឯក សំ ភារ៉ាក់ កម្លាំងនគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរងរបួស ក្នុងប្រតិបត្តិការទាក់ចាប់មុខសញ្ញាផ្តើមចេញពីករណី (ឆក់) និងឈានដល់ធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។
ក្នុងឱកាសសួរសុខទុក្ខនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរដល់ភាពក្លាហានរបស់កម្លាំងនគរបាលយើង ដែលបានខិតខំដើម្បីសន្តិសុខសាធារណៈ បានសម្រេចចិត្ត បើកម៉ូតូទៅឃាត់ឡាន ជនសង្ស័យ ដែលបាញ់គម្រាមពីម្ចាស់ឡាន បើករត់គេចខ្លួនកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ តែជនសង្ស័យបានបើកឡានបំបុកពួកគាត់ បណ្ដាលអោយនគរបាលយើងរងរបួសជាទម្ងន់ បាក់ភ្លៅមួយកំណាត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្រុមគ្រួសារ ពិសេសលោក អនុសេនីយ៍ឯក សំ ភារ៉ាក់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព និងសម្រាកព្យាបាលឲ្យបានល្អ និងជូនពរឱ្យឆាប់ជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ មានករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន ដែលផ្តើមចេញពីករណី (ឆ.ក់) ដោយមានមុខសញ្ញា ចំនួន ០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆក់ ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។ ក្នុងកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យដែលរត់គេចខ្លួននោះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទា.ក់ និងដេញមុខសញ្ញានេះ ត្រឡប់មកផ្លូវជាតិលេខ៥១ វិញ។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ចំណែក ០១នាក់ទៀតបានរត់គេ.ចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់យករថយន្តជនរងគ្រោះ ដែលនៅក្នុងរូបភាពនោះដើម្បីជិះគេចខ្លួន៕




ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ