ក្រសួងអប់រំ ណែនាំកម្មវិធីស្វ័យវិជ្ជាអក្ខរកម្មមេឌា ជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ សម្រាប់ផ្តល់នូវមេរៀន ឯកសារ សំណួរចម្លើយ និងព័ត៌មានសំខាន់ៗពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា ណែនាំកម្មវិធីស្វ័យវិជ្ជាអក្ខរកម្មមេឌា ជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ សម្រាប់ផ្តល់នូវមេរៀន ឯកសារ សំណួរចម្លើយ និងព័ត៌មានសំខាន់ៗពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយផងដែរ។

លើសពីនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់ថា កម្មវិធីស្វ័យវិជ្ជាអក្ខរកម្មមេឌា ជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ ដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (t.me/MILSelfLearningBot) ដែលត្រូវបានអភិវឌ្ឍឡើង ក្នុងគោលបំណង៖
-លើកកម្ពស់កម្មវិធីស្វ័យសិក្សា តាមរយៈការផ្តល់ជូននូវមេរៀន ឯកសារ វីដេអូ រូបភាព សំណួរចម្លើយ និងព័ត៌មានសំខាន់ជុំវិញចំណេះដឹងស្ដីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
-លើកកម្ពស់កម្មវិធីអប់រំបែបឌីជីថល បង្កើនភាពងាយស្រួលដល់ការសិក្សាស្រាវជ្រាវ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមានភាពបត់បែន។
-កសាងជំនាញភាពជាពលរដ្ឋឌីជីថល អភិវឌ្ឍការគិតបែបត្រិះរិះពិចារណា ការវាយតម្លៃ និងទប់ស្កាត់ការបោកបញ្ឆោតដោយសារព័ត៌មានមិនពិត។
-ជំនួយគ្រូបង្រៀន លើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា ប្រកបដោយប្រសិទ្ធភាព វាស់ស្ទង់កម្រិតនៃការចេះដឹង និងបំណិនផ្នែកអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
គួរបញ្ជាក់ផងដែរ Chatbot នេះ ត្រូវបានអភិវឌ្ឍឡើង ដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រដោយអង្គការ DW Akademie ជាមជ្ឈមណ្ឌល Deutsche Welle សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បណ្តុះបណ្តាលសារព័ត៌មាន និងការផ្ទេរចំណេះដឹង៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា