រដ្ឋមន្ត្រីក្រសួងការងារ នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនពលការិនីម្នាក់ ដែលរងរបួសក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ
(ខេត្តកំពង់ធំ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនពលការិនីម្នាក់ បានបាក់កែងជើង ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ។

ឯកឧត្តម ហេង សួរ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ១០លានរៀល ជូនពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ បន្ទាប់ពីពលការិនីរូបនេះបានជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ និងបានត្រលប់មកស្រុកកំណើតវិញ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥។
ចំពោះ ពលការិនី សឿន សំណាង ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដោយថ្លៃព្យាបាលទាំងអស់ រហូតដល់ជាសះស្បើយ គឺទទួលបានការឧបត្ថម្ភពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕


