ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត អំពីតួនាទីភារកិច្ច ទៅលើកម្លាំងនគរបាលចរាចរណ៍ពាក់ព័ន្ធក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង
(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត អំពីតួនាទីភារកិច្ច ទៅលើកម្លាំងនគរបាលចរាចរណ៍ពាក់ព័ន្ធក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។

តាមរយៈក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ពាក់ព័ន្ធទៅនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូពីសកម្មភាពមន្រ្តីនគរបាលចរាចរណ៍ ដែលបានដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានស្ទាក់រថយន្ត ក្រោយមានបញ្ហាចាប់ផ្តើមរើប៉ារាស់ដោយមិនទាន់ចប់ម៉ោង។
ចំពោះករណីមួយនេះ បានកើតឡើងនៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ ត្រង់ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជាចំណាត់ការរបស់ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត អំពីតួនាទី ភារកិច្ច ទៅលើកម្លាំងនគរបាលចរាចរណ៍ពាក់ព័ន្ធក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅនេះ៕

