អាជ្ញាធររាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street)
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street)។

អាជ្ញាធររាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកទស្សនាកម្សាន្តដោយសប្បាយរីករាយ នៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដោយសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខណៈដែលផ្លូវថ្មើរជើង (Walk Street) មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ថា កម្មវិធីសង្ក្រាន្ដវត្ដភ្នំមានដូចជា៖ ថ្ងៃទី១. ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ ថ្ងៃទី២. កម្មវិធីសម្តែងសិល្បៈ របាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ប្រគំតន្ត្រីបុរាណ-សម័យ និងថ្ងៃទី៣. របាំបុរាណ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-តាំងពិព័រណ៍ខ្នាតធំ និងការតាំងបង្ហាញផលិតផលមុខម្ហូបខ្មែរ។ ដោយឡែក សម្រាប់កម្មវិធីផ្លូវថ្មើរជើង មានការលេងល្បែងប្រជាប្រិយ ដូចជាលាក់កន្សែងទាញព្រ័ត្រ ល្ខោនខោល ល្ខោនយីកេ ចាប៉ីដងវែង របាំគោះត្រឡោក ល្ខោនស្បែក និងការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរផងដែរ។
តាងនាមតំណាងអាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ដើម្បីញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម និងរក្សាបាននូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ព្រមទាំងផ្តល់ភាពសប្បាយរីករាយ សំដៅលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ លោក ស៊ន សុភក្រ័ ប្រធានពិធីការរៀបចំព្រឹត្ដការណ៍សង្ក្រាន្តវត្តភ្នំ បានបញ្ជាក់ឱ្យដឹងដែរថា នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ កម្មវិធីសង្ក្រាន្តនឹងប្រព្រឹត្តចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ២០៖០០នាទីយប់ អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើន។
ដោយឡែក លោក ពេជ ពន្ធរាយ ប្រធានផ្នែករៀបចំកម្មវិធីសប្បាយៗនៅផ្លូវថ្មើរជើងWalk Street បានឱ្យដឹងថា ដើម្បីបន្ថែមភាពសប្បាយរីករាយបន្ថែមទៀត និងជាការអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសាទរគាំទ្រដំណើរការផ្លូវថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញនឹងដំណើរការផ្លូវថ្មើរជើងរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ តាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ ក្រោមការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានលើកឡើងថា អាជ្ញាធរខណ្ឌដូនពេញបានត្រៀមកម្លាំងរួចជាស្រេច ដើម្បីឱ្យការរៀបចំកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ នៅជុំវិញទីតាំងរៀបចំកម្មវិធី។ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំចំណតយានយន្តសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង Walk Street ហើយសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់ សូមធ្វើការពង្វាងការធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងខាងលើ និងសូមមេត្តាយោគយល់អធ្យាស្រ័យ៕



ប្រភព៖ ក្រសួងព័ត៌មាន