សូមប្រុងប្រយ័ត្ន! ភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើកម្ពុជា ដែលអាចមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ ទី៣០ ខែមេសា ខាងមុខនេះ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើកម្ពុជា ដែលអាចមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ ទី៣០ ខែមេសា ខាងមុខនេះ។

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ នៅក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថា ស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលក្រកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលនឹងគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស កម្ពុជា និងលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាព មធ្យមអតិបរមា ៣៧°C។
ក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនដំណឹងដល់ សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្នុងនោះដែរ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដានអំពីស្ថានភាពធាតុអាកាសនិងអាកាសធាតុ ដើម្បីជម្រាបជូនដំណឹងជាបន្តបន្ទាប់ ប្រសិនបើក្នុងករណីមានការវិវត្តប្រែប្រួល។ កន្លងមកចាប់ពីថ្ងៃទី ១៨ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ ភ្លៀងកក់ខែបាន គ្របដណ្តប់លើ ៤៥ខណ្ឌ/ស្រុក ក្នុង ១៥រាជធានី/ខេត្ត៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម