សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការស្វាគមន៍ប្រទេសជាមិត្តទាំងអស់ មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម
(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការស្វាគមន៍ប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។ ការប្រកាសនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «បន្ទាប់ពីពិធីនេះហើយ កម្ពុជាស្វាគមន៍រាល់ភាគីមិត្តទាំងអស់ដែលមានបំណងធ្វើសមយុទ្ធរួមគ្នានៅមូលដ្ឋានសមុទ្ររាមនេះ យើងគ្មានអ្វីដែលលាក់លៀមទេ» ដោយសម្តេចបានច្រានចោលមតិទាំងឡាយ ដែលបានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាមដែលដាក់ឱ្យដំណើរការនាពេលនេះ នឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។
សូមរំលឹកថាការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើទំនើបកម្មពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដែលធានាដល់កិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជានឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខលំហសមុទ្ររបស់កម្ពុជា។
ប្រភព៖ ក្រសួងព័ត៌មាន


