សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» គឺដើម្បីជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម និងបង្កើតជាចរន្តសេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» នៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ ថា៖ ការដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» គឺដើម្បីជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនយើងឱ្យទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើង នៅក្នុងតំបន់នេះ។

សម្ដចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមលើលក្ខណៈពិសេស សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន រួមមាន៖
១. ការផ្តល់ការលើកទឹកចិត្តលើសលុបដែលលើសពីច្បាប់ វិនិយោគ ហើយបើកវិសាលភាពធំទូលាយ រួមទាំងការងារពាក់ព័ន្ធនឹងពន្ធ។
២. យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង ដែលវិនិយោគិន អាចដាក់ពាក្យស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗទៀត ជាមួយនឹងក្រុមការងារតែម្តង។
៣. ការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគ។
៤. ការផ្តល់ហិរញ្ញប្បទានគាំទ្រ ដោយរាជរដ្ឋាភិបាលនឹងត្រៀមថវិកាមួយចំនួន ដើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ។
៥. ការខិតខំជំរុញធនធានមនុស្សគាំទ្រ ដោយរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកទឹកចិត្ត ដោយកំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២ លានរៀល និងបម្រើការងារនៅក្នុងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយ នៃខេត្តទាំងបួន នៅភូមិភាគឦសាន ។
មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានផ្ដល់អនុសាសន៍មួយចំនួន ដលើក្រុមការងារជំរុញការវិនោយោគក្នុងភូមិភាគឦសាន (ក្រុមការងារ) រួមមាន៖
១. ក្រុមការងារត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុម ដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយក្រុមការងារត្រូវធានាឱ្យបាននូវសង្គតិភាព ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងអនុវត្តឱ្យបានលឿន។
២. ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគនេះ ឱ្យបានទូលំទូលាយ, ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
៣. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន ក៏ត្រូវចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ក្នុងស្មារតីកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសជំរុញការវិនិយោគនេះ។
៤. ក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការអនុវត្តការងារគាំទ្រផ្សេងៗ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ នៅខេត្តជាប់ព្រំដែនដែលមានច្រកអន្តរជាតិ ការពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ ការបែងចែកតំបន់សម្រាប់វិនិយោគឱ្យបានត្រឹមត្រូវ ដោយបែងចែកទីតាំងណាសម្រាប់អភិវឌ្ឍលើវិស័យអ្វីឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការអភិវឌ្ឍអ្វីមួយប៉ះពាល់ដល់វិស័យអាទិភាពផ្សេងទៀតនៅក្នុងតំបន់។ បន្ថែមពីនេះ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស បទល្មើសបច្ចេកវិទ្យា ហើយត្រូវការពារវិនិយោគិនដែលត្រឹមត្រូវ។
ជាទីបញ្ចប់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភ ពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាននៃ ប្រជាជនខ្មែរ៕

ប្រភព៖ ក្រសួងព័ត៌មាន