មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានប្រគល់ វត្ថុបុរាណរូបកំណាត់ខ្លួនបដិមាផ្នែកខាងក្រោម និងទេវរូបភេទស្រីដៃបួន ជូននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណដើម្បីរក្សាទុក
(ខេត្តសៀមរាប)៖ តាមរយៈ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប នៅរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានប្រគល់ វត្ថុបុរាណរូបកំណាត់ខ្លួនបដិមាផ្នែកខាងក្រោម និងទេវរូបភេទស្រីដៃបួន ជូននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណដើម្បីរក្សាទុក។

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានឱ្យដឹងថា លោក មិញ ប៊ុនឡា ប្រធានការិយាល័យបេតិកភណ្ឌ និងលោក ហួត មុនីរតនា ប្រធានការិយាល័យសារមន្ទីរ បានដឹកនាំមន្រ្តីបច្ចេកទេសចំនួន ២រូប សហការជាមួយប៉ូលីសបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋានចុះទទួលវត្ថុបុរាណចំនួនពីរដុំ ស្ថិតនៅស្រុកជីក្រែង ខេត្តសៀមរាប។
១. បានទទួលកំណាត់ខ្លួនបដិមាផ្នែកខាងក្រោម សាងពីថ្មភក់ ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្វាវ ភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
២. បានទទួលដងខ្លួនទេវរូបភេទស្រីដៃបួន សាងពីថ្មភក់ ពីវត្តសិរីមង្គល ភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
៣. វត្ថុបុរាណទាំងពីរនេះបានប្រគល់ជូននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណដើម្បីរក្សាទុក៕





