កម្ពុជា និងចិន ឯកភាពកំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា និងចិន ឯកភាពកំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីរាត្រី ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា បានឱ្យដឹងថា៖ “ចំពោះការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ ភាគីចិនបានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្កើនការងារ សហគ្រិនភាព។ ហើយភាគីទាំងពីរបានឯកភាពកំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។
បន្ថែមពីលើនេះ ភាគីទាំងពីរនឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក សុវត្ថិភាពទេសចរណ៍។ ហើយភាគីទាំងពីរនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញកម្មវិធីអភិរក្ស និងស្តារព្រះបរមរាជវាំងបុរាណនៅអង្គរ ក៏ដូចជាប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។
ជាមួយគ្នានេះ ភាគីទាំងពីរនឹងបង្កើតយន្តការដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៀងទាត់ រវាងនាយកដ្ឋានកិច្ចការយុវជន និងសហភាពសហព័ន្ធយុវជន នៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងធនាគារខួរក្បាល និងទីក្រុងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជា-ចិន៕


ប្រភព៖ ក្រសួងព័ត៌មាន