ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យ ១ម៉ឺនដុល្លារ ដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ

    BY soknita April 19, 2025
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យ ១ម៉ឺនដុល្លារ ដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យ ១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ។

    នាល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA, និងតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរលោក ផល្លា រតនា ដែលកំពុងធ្វើបុណ្យសពនៅក្នុងប្រទេសថៃ។

    លោក ផល្លា រតនា អាយុ ២៤ឆ្នាំជាពលករខ្មែរដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

    នៅក្នុងពិធីបូជាសពដែលបានរៀបចំធ្វើនៅវត្តបាភ្លីយ៉ៃក្លាង ឃុំបាងភ្លីយ៉ៃ ស្រុកបាភ្លី ខេត្តសាមុទ្រប្រាកាន ប្រទេសថៃ ឯកឧត្តម សេង សក្តា បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ។

    ជាមួយគ្នានេះ ឯកឧត្តម សេង សក្តាដែលជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ផល្លា រតនា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay