អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្រាយបំភ្លឺលើករណីប្ដីប្រពន្ធពីរនាក់នាំគ្នាទៅលោតទឹក នៅស្ពានជ្រោយចង្វារ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្រាយបំភ្លឺលើករណីប្ដីប្រពន្ធពីរនាក់នាំគ្នាទៅលោតទឹក នៅស្ពានជ្រោយចង្វារ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺជូនសាធារណជនជុំវិញ ការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពី ប្តីប្រពន្ធពីរនាក់ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារហើយត្រូវបានទូកអ្នកនេសាទជួយសង្រ្គោះ ដោយសារតូចចិត្តជាមួយមន្រ្តីបុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញមិនទទួលពាក្យបណ្តឹងលើករណីត្រូវចាប់រំលោភប្រពន្ធរបស់ខ្លួន។
ចំពោះករណីនេះកើតឡើង នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៥និង០០នាទី មានស្រ្តីពីរនាក់ និង បុរសម្នាក់បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ក្នុងចំណោមបីនាក់នោះ មានស្រ្តីម្នាក់ជាជនរងគ្រោះ ឈ្មោះ ស៊ីម ចិរិយា បានរាយការណ៍ថាមានករណីចាប់រំលោភមកលើខ្លួន កាលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅពេលនោះបានមកជួបមន្រ្តីប៉ុស្តិ៍ពីរនាក់ ហើយក៏បានសួរនាំរឿងហេតុការណ៍ជុំវិញអំពីបញ្ហាករណីរំលោភនេះ។
ក្រោយពីសមត្ថកិច្ចសួរនាំបានបន្តិចមក ជនរងគ្រោះ (ឈ្មោះ ស៊ីម ចរិយា ) ក៏បានប្រាប់សមត្ថកិច្ចវិញថា ឈប់ដាក់ពាក្យបណ្ដឹងទៀតហើយ ហើយក៏ក្រោកដើរចេញទៅក្រៅប៉ុស្តិ៍នគរបាលរដ្ឋបាល ខណៈនោះសមត្ថកិច្ចក៏តាមហៅស្រ្តីរងគ្រោះមានឈ្មោះខាងលើមកវិញដើម្បីសរសេរក្នុងពាក្យបណ្ដឹងបន្ដ តែត្រូវស្រ្តីខាងលើពុំព្រម ក្នុងពេលនោះដែរ ឈ្មោះ រុន ស្រីនាង និង ឈ្មោះ ឈួន សង្ហា ដែលជាបងប្អូនជីដូនមួយ ដែលនាំស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹង ក៏ដើរតាមហៅដែរតែស្រ្តីរងគ្រោះនោះមិនព្រមក៏ដើរគេចបាត់ទៅ ទើបតែថ្ងៃទី ១៨ ខែមសា ឆ្នាំ ២០២៥ សមត្ថកិច្ចទទួលបានពីសារព័តមាន ផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានករណីលោតទឹកពីលើស្ពានជ្រោយចង្វារដោយសារខឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកមិនព្រមទទួលពាក្យបណ្តឹងរកយុត្តិជូនជនរងគ្រោះ ដែលត្រូវមិត្តភក្តិចាប់រំលោភ។
បន្ទាប់ពីឃើញការផ្សព្វផ្សាយហើយ សមត្ថកិច្ចបានតាមស្វែងរកពីរនាក់ប្តីប្រពន្ធនោះ ដើម្បីសួរនាំតែរកមិនឃើញនោះទេ ដោយសារពួកគាត់រស់នៅគ្មានទីលំនៅពិតប្រាកដ។ ទោះបីយ៉ាងណាក៍ដោយក្រោយសមត្ថកិច្ចបានទទួលព័ត៌មានតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន បច្ចុប្បន្នកម្លាំងប៉ុស្តិ៍និងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងស្រាវជ្រាវតាមស្វែងរកឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ និងកំពុងព្យាយាមស្វែងរកស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។
គួរបញ្ជាក់ផងដែរ នេះជារូបភាពបំភ្លឺរបស់ឈ្មោះ រុន ស្រីនាង ភេទស្រី និង ឈ្មោះ ឈួន សង្ហា ភេទប្រុស ដែលត្រូវជាបងប្អូនជីដូនមួយស្រ្តីរងគ្រោះនៅពេលនាំស្រ្តីរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក៕

រុន ស្រីនាង និង ឈ្មោះ ឈួន សង្ហា
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ