ព្រឹកនេះ សមិទ្ធផលថ្មីបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តកំពត នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា
(ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។

តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តកំពត បានឱ្យដឹងថាគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ គ្របដណ្ដប់លើផ្ទៃដីជាង ៤ ហិកតា បានចាប់ផ្ដើមតាំងពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។
គម្រោងនេះត្រូវបានគ្រប់គ្រងការសាងសង់ដោយអង្គភាពអនុវត្តអនុគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ថវិកាសរុបចំនួន ១៨,៧៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៨ លានដុល្លារ គឺជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និង ៧៧ ម៉ឺនដុល្លារទៀត គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ។
ចំណែកឯអ្នកជំនាញបានបង្ហាញការជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងពង្រីកវិសាលភាពនៃការទទួលភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវទឹក មកកាន់ខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជាទាំងមូលឱ្យកាន់តែច្រើនឡើងនាពេលអនាគត៕










ប្រភព៖ ក្រសួងព័ត៌មាន