ក្រុមការងារបច្ចេកទេសបូមលូ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់ នឹងបានរាយការណ៍ជូនសមត្ថកិច្ចនៅក្រុងបាត់ដំបង
(ខេត្តបាត់ដំបង)៖ តាមរយៈការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសបូមលូប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់រាយការណ៍ជូនសមត្ថកិច្ចនៅក្រុងបាត់ដំបង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅវេលាម៉ោង ១០និង១០នាទី ក្រុមការងារបច្ចេកទេសបូមលូ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅចំណុចក្រុមទី១៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចបានមករាយការណ៍ជូនសមត្ថកិច្ចផ្នែកជំនាញសណ្តាប់ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញប្រភេទគ្រាប់ UXO ចំនួន ០១គ្រាប់ សមត្ថកិច្ចបានរួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលក្រុងបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕
