អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនជាតិស្បែកខ្មៅ ២នាក់ ពីបទឆ-បោកជនរងគ្រោះ លុយរហូតដល់ចំនួន ៧លានដុល្លារ
(រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជនជាតិស្បែកខ្មៅ ២នាក់ ជាក្រុមឆបោកត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥។

តាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឱ្យដឹងថា ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមាន ប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជាប្រាក់អាចចាយបាន ដោយពួកវានឹងឱ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។ ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន ២ពាន់ដុល្លារ ឱ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឱ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមី ដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឱ្យមើលមុនផងដែរ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន ១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន។ បន្ទាប់មកក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឱ្យទៅជនរងគ្រោះទាំងអស់។
ក្រោយមកជនរងគ្រោះក៏មានទំនុចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង ក៏បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឱ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨លានដុល្លារ ហើយក្រុមឆបោកក៏បានបែងចែកឱ្យជនរងគ្រោះចំនួន ២៥លានដុល្លារ ហើយរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឱ្យបើកហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹង វានឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដបានឡើយ។ រយៈពេល១ខែក្រោយមក ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។
ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧លានដុល្លារ ចំណុចនេះគឺ ក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ០២នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្តទៀត៕






ប្រភព៖ រ័ត្ន ស្រ៊ាង