កម្ពុជា និង ជប៉ុន ពិភាក្សាផែនការមេ អភិវឌ្ឍន៍កំពង់ផែ ព្រះសីហនុ ឱ្យក្លាយជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា និង ជប៉ុន ពិភាក្សាផែនការមេ អភិវឌ្ឍន៍កំពង់ផែ ព្រះសីហនុ ឱ្យក្លាយជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដឹកនាំដោយ ឯកឧត្តម SANJO AKIHITO អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជប៉ុន ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក។
ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ គោលបំណងសំខាន់នៃការរៀបចំផែនការមេនេះ គឺដើម្បីពង្រីកសក្តានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង និងបង្កើនសមត្ថភាពប្រតិបត្តិការ សេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗក្នុងតំបន់ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០៕



ប្រភព៖ ក្រសួងព័ត៌មាន