រដ្ឋបាលខេត្តតាកែវ បិទចរាចរណ៍សម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចាប់ពីផ្លូវបំបែកជាបួន រហូតដល់ ជុំគិរី ពីថ្ងៃនេះ ដល់ថ្ងៃទី ២៩ ខែមេសា
(ខេត្តតាកែវ)៖ តាមរយៈការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តតាកែវ នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ បានបិទចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចាប់ពីបំបែកជាបួនផ្លូវជាតិលេខ៤១ ត្រង់គីឡូម៉ែត្រលេខ៣៣+៤៥០ (ផ្សារស្លាបលែង) រហូតដល់ ជុំគិរី ត្រង់គីឡូម៉ែត្រលេខ៩៥+២៧០ (ចំណុចប្រសព្វនឹងផ្លូវជាតិលេខ៣)។

ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ការបិទចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចាប់ពីបំបែកជាបួនផ្លូវជាតិលេខ៤១ ត្រង់គីឡូម៉ែត្រលេខ៣៣+៤៥០ (ផ្សារស្លាបលែង) រហូតដល់ ជុំគិរី ត្រង់គីឡូម៉ែត្រលេខ៩៥+២៧០ (ចំណុចប្រសព្វនឹងផ្លូវជាតិលេខ៣) ចាប់ពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៦:០០នាទីព្រឹកនេះ រហូតដល់ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ដើម្បីប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣១ លេខ៣៣ និងលេខ៤១ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីតាំងចំណុចផ្លូវជាតិលេខ៤១ ត្រង់គីឡូម៉ែត្រលេខ៥៣+១៧៥ ស្ថិតក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ៕
