អគ្គិភ័យមួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី២ កម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងរកឃើញថាបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យមួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី២ កម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងរកឃើញថាបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។

ក្នុងនោះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងលម្អិតថា ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចក្នុងបុរី ឡាយ គង់ ផ្ទះលេខ១០សេ៣Eo សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ។
តាមការអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៤ម៉ែត្រគូប។
ចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មបេតុង ទំហំ (៥ម៉ែត្រ x ១៨ម៉ែត្រ) ឆេះខូចខាតគ្រឿងសំណង់បន្តិចបន្តួច និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១និង០៥នាទីរសៀល នាថ្ងៃខែឆ្នាំដដែរ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ៕





