លម្អិត៖ អគ្គិភ័យឆាបឆេះរោងចក្រផលិតប្លាស្ទិកមួយកន្លែង នៅសង្កាត់កំបូល ប្រើប្រាស់ឡានទឹកអស់ចំនួន ២១គ្រឿង
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី ២៨ ខែមសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះរោងចក្រផលិតប្លាស្ទិកមួយកន្លែង នៅសង្កាត់កំបូល ប្រើប្រាស់ឡានទឹកអស់ចំនួន ២១គ្រឿង។

តាមព័ត៌មានលម្អិតរបស់ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យមួយនេះ កើតឡើងដោយសារឆ្លងថ្មសាកជញ្ជីងប៉ះជាមួយសារធាតុ Toluene បង្ករជាអគ្គិភ័យឆាបឆេះរោងចក្រផលិតប្លាស្ទិកមួយកន្លែងនេះ នៅសង្កាត់កន្ទោក ខណ្ឌកំបូល មានមនុស្សរងរបួសចំនួន ០៥នាក់ ហើយសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ ២១គ្រឿន។
ចំពោះអគ្គិភ័យមួយរោងចក្រផលិតប្លាស្ទិកមួយកន្លែងនេះ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ភូមិកំរៀង សង្កាត់កន្ទោក សង្កាត់កំបូល រាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅតាមគោលដៅទាំងអស់ ឱ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្រោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ ០៧ឡាន ស្មើនឹង ៤២ម៉ែត្រគូប, រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ១០ម៉ែត្រគូប, រថយន្តបុរីសង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង ១៨ម៉ែត្រគូប, រថយន្តរបស់សាលាខណ្ឌកំបូល ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប និងរថយន្តបញ្ជាការទ័ពពិសេស ចំនួន០៣គ្រឿង ពុំបានប្រើប្រាស់ទឹក។
ចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មប្រក់ស័ង្កសី ទំហំ (៣៦ម៉ែត្រ x ៦០ម៉ែត្រ) ឆេះបន្ទប់លាយទឹកថ្នាំទំហំ ១០ម៉ែត្រការ៉េ ចំនួន ០១បន្ទប់, បន្ទប់ជ្រលក់ផលិតផលទំហំ ៧១ម៉ែត្រការ៉េ ចំនួន ០១បន្ទប់, ម៉ាស៊ីនជ្រលក់ទឹកខូចចំនួន ០២គ្រឿង, ជញ្ជីងថ្លឹងចំនួន ០២គ្រឿង, ទឹកថ្នាំ Toluene ចំនួន ២០០គីឡូក្រាម, ម៉ាស៊ីនជ្រលក់ទឹកព្រៃមើចំនួន ០៣គ្រឿង, ម៉ាស៊ីនសម្ងួតចំនួន ០៣គ្រឿង, ម៉ាស៊ីនចាក់ពុម្ភចំនួន ១៤គ្រឿង, ម៉ាស៊ីនទឹកស្អំ Chiller ចំនួន ០២គ្រឿង, ម៉ាស៊ីនស្ទួច Cran ចំនួន ០១គ្រឿង, ម៉ាស៊ីនព្រីនចំនួន ០១គ្រឿង, កុំព្យូទ័រ ០៤គ្រឿង, ម៉ាស៊ីនផ្ទុកទិន្ន័យចំនួន ០១គ្រឿង, ទូរទស្សន៍ចំនួន ០១គ្រឿង, កាំមេរ៉ាចំនួន ០៣គ្រឿង, ម៉ាស៊ីនចាក់ផលិតផល ២០គ្រឿង, ម៉ាស៊ីនត្រជាក់ចំនួន ០១គ្រឿង, ត្រង់ហ្វូភ្លើងចំនួន ០៤គ្រឿង, ម៉ាស៊ីនបឺតទឹក Pump ចំនួន ០៥គ្រឿង, ពុម្ភផលិតផលចំនួន ១០០ឈុត, ផលិតផលផលិតរួចចំនួន ១២០,០០០គូរ (ជ័រដាក់បាតស្បែកជើង) និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៨និង៤០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែរ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងថ្មសាកជញ្ជីងប៉ះជាមួយសារធាតុ Toluene បង្ករជាអគ្គិភ័យ។ ដោយឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន០៥នាក់បានរងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ៕






