អន្តរជាតិ

ពលរដ្ឋអូស្រ្តាលី ដែលមិនទៅបោះឆ្នោតនាស្អែកនេះ អាចនឹងត្រូវគេដកហូតប័ណ្ណបើកបរ ឬអាចឈានដល់ការឡើងតុលាការផងដែរ

BY
autoadmin
May 17, 2019

ប្រទេសអូស្រ្តាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលបង្ខំឱ្យពលរដ្ឋទាំងអស់ត្រូវតែមានកាតព្វកិច្ចទៅបោះឆ្នោត ហើយផលវិបាកនៃការមិនទៅបោះឆ្នោត អាចមានភាពធ្ងន់ធ្ងរជាងអ្វីដែលពួកគេធ្លាប់គិត។ ពលរដ្ឋដែលមិនបានទៅបោះឆ្នោតអាចត្រូវពិន័យជាប្រាក់ ហើយអ្នកដែលមិនព្រមបង់ប្រាក់អាចត្រូវបានដកហូតប័ណ្ណបើកបរ ឬត្រូវបង្ខំឱ្យធ្វើសេវាកម្មសហគមន៍ផ្សេងៗ។ ការពិន័យសម្រាប់អ្នកមិនទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសហព័ន្ធ គឺ ២០ដុល្លារ ប៉ុន្តែវាក៏អាចធ្ងន់ធ្ងរជាងនេះទៅទៀត។ ប្រសិនបើអ្នកបោះឆ្នោតខកខានមិនបានបង់ពិន័យតិចតួចទេ តួលេខនេះនឹងកើនឡើងដល់ ១៨០ ដុល្លារ។ ហើយប្រសិនបើពួកគេនៅតែមិនព្រមបង់ប្រាក់ពិន័យទៀតនោះ គណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលីអាចនាំពួកគេឡើងតុលាការ ដើម្បីដាក់ការពិន័យបន្ថែមពីលើទៀត។

រឿងបែបនេះធ្លាប់បានកើតឡើងកាលពី ឆ្នាំ២០១៦ ដោយនិវត្តជនក្នុងទីក្រុង Darwin លោក Frank Bost មិនបានទៅបោះឆ្នោតតាមគោលការណ៍។ លោកបានសារភាពកំហុសថា លោកបានរំលោភលើ ផ្នែកទី ២៤៥ នៃច្បាប់ស្តីពីការបោះឆ្នោត ឆ្នាំ១៩១៨ ហើយត្រូវបានបង្គាប់ឱ្យបង់ប្រាក់ចំនួន ៣០៨ដុល្លារ ដែលរួមបញ្ចូលទាំងការផាកពិន័យ និងថ្លៃឈ្នួលរបស់ AEC ទៀតផង។ គេហទំព័ររបស់គណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលីបាននិយាយថា៖ «អ្នកដែលជ្រើសរើសយកការមិនបង់ប្រាក់ពិន័យតាមការបង្គាប់របស់តុលាការ ការពិន័យនឹងត្រូវសម្រេចដោយតុលាការ ហើយការពិន័យបន្ទាប់អាចមានទាក់ទងជាមួយនឹងការបង្គាប់ឱ្យបម្រើការងារសហគមន៍ ការរឹបអូសទ្រព្យ ឬតុលាការនឹងដាក់ទណ្ឌកម្មបន្ថែម។

វាអាចកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ខណៈកាលពី ឆ្នាំ២០១៦ ស្ត្រីម្នាក់មកពីរដ្ឋ Tasmanian ឈ្មោះ Emma Louise Pearce ក៏បានបរាជ័យក្នុងការចូលរួមបោះឆ្នោតសហព័ន្ធ ហើយជាចុងក្រោយរូបគាត់បានឈានដល់ការជាប់ទោសព្រហ្មទណ្ឌ។ អ្នកស្រី Pearce ត្រូវបានគេនាំទៅតុលាការដោយព្រះរាជអាជ្ញារដ្ឋ ហើយគាត់បាននិយាយថា គាត់មិនយល់ស្របនឹងប្រព័ន្ធបោះឆ្នោត។ ក្រោយមកតុលាការបានពិន័យគាត់ចំនួន ១៨០ដុល្លារ និងថ្លៃឈ្នួលផ្នែកច្បាប់ ថែមទាំងការដាក់ទណ្ឌកម្មព្រហ្មទណ្ឌពីលើថែមមួយទៀត។

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: