ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានផ្លូវ មានសង្ឃឹម ដោយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ អាចច្នៃប្រឌិត ទាញយកផលសេដ្ឋកិច្ច

    BY Naren April 29, 2025
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានផ្លូវ មានសង្ឃឹម ដោយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ អាចច្នៃប្រឌិត ទាញយកផលសេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មានផ្លូវ មានសង្ឃឹម មានផ្លូវផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ អាចច្នៃប្រឌិតទាញយកផលសេដ្ឋកិច្ច សម្រាប់ជីវភាពរស់នៅរបស់ខ្លួនឯងបាន នេះហើយជាអ្វីដែលរដ្ឋាភិបាល វិនិយោគលើផ្លូវ ជាជាងវិនិយោគលើអ្វីផ្សេងមុននឹងមានផ្លូវ ។

    ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ​ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ​ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើនិយាយអំពីការវិនិយោគ ការវិនិយោគធ្វើផ្លូវនេះ ទាញផលចំណេញច្រើន ជាងវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។

    ខណៈដែលផ្លូវ៣ខ្សែជាង២០០គីឡូ ដែលសម្ពោធនាឱកាសនេះ ត្រូវបានសាងសង់អស់ថវិកាប្រមាណជា១៨៨លានដុល្លារនេះ ត្រូវបានសម្តេចធិបតី យល់ឃើញថា បើយកថវិកា ១៨៨លានដុល្លារនេះ បង្វែរទៅធ្វើតំបន់សេដ្ឋកិច្ចពិសេស ឬមួយធ្វើបុរីក៏ដោយ ប្រសិនបើគ្មានផ្លូវតភ្ជាប់ ទាំងតំបន់សេដ្ឋកិច្ច និងបុរី គឺមិនដើរនោះទេ គ្មាននរណាមួយ ចង់ទៅធ្វើការកន្លែងដែលគ្មានផ្លូវដឹកជញ្ជូន ហើយក៏គ្មាននរណាចង់ទៅទិញផ្ទះ បើគ្មានផ្លូវតភ្ជាប់នោះដែរ ។

    បន្ថែមលើនេះ សម្តេចធិបតី ជឿជាក់ថា បន្ទាប់ពីសាងសង់និងលើកកម្ពស់ផ្លូវ ទាំង៣ខ្សែ ដែលមានប្រវែងជាង២០០គីឡូ ឆ្លងកាត់៥ខេត្ត អស់ថវិកា១៨៨លានដុល្លារដូចគ្នា តែសម្រាប់អ្នករស់នៅអមតាមដងផ្លូវ ជាពិសេសអ្នកនៅក្នុងមូលដ្ឋាន នៅតំបន់ផ្ទាល់​នឹងទទួលបានសេដ្ឋកិច្ចកើនឡើង ពោលបានផលកាន់តែច្រើន ដោយសារសរសៃឈាមតភ្ជាប់មួយនេះ ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «នេះបានយើងថា ផ្លូវជាអាទិភាពទី២ ដែលខ្ញុំតែងនិយាយថា បើទៅដណ្តឹងកូនគេ ម៉ែគេថា អត់ផ្លូវទេអាវ៉ា គឺចប់ហើយ គឺមានផ្លូវមានសង្ឃឹម មានផ្លូវផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ អាចប្រើការច្នៃប្រឌិតរបស់គាត់ ទាញយកផលសេដ្ឋកិច្ច ចូលហោប៉ៅរបស់គាត់​ មានផ្លូវទាញការវិនិយោគ ដើម្បីផ្តល់ឱកាសការងារ ទម្លាក់លុយរាប់វាល់លានដុល្លារ ចូលទៅខេត្តកំពង់ស្ពឺ ខេត្តផ្សេងៗទៀត នេះហើយគឺជាការវិនិយោគទៅលើផ្លូវរបស់យើង ដែលជាអាទិភាពទី២ នៃគោលនយោបាយ ចតុកោណ និងឥឡូវបញ្ចកោណ ដំណាក់កាលទី១»៕ ដោយ៖ គង់ សិរីរ័ត្ន,រូបថត៖ គល់ រ៉េននីAKP

    Share This Post: