PR

អគ្គនាយកក្រុមហ៊ុនចុះមកបម្រើសេវាកម្មក្នុងហាងផ្ទាល់ជាមួយបុគ្គលិកមួយថ្ងៃពេញ

BY
Liny01
May 2, 2025

អគ្គនាយកក្រុមហ៊ុន អ៉ី អេហ្វ ជី (Express Food Group Co., Ltd) ចូលរួមធ្វើការជាមួយបុគ្គលិកក្នុងហាងនៅថ្ងៃទី១ ខែឧសភា ដើម្បីជួយលើកស្ទួយស្មារតីក្រុម និងបង្ហាញការស្រឡាញ់ការងារ ក្នុងឱកាសថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ នេះ ក្រុមហ៊ុន អ៉ី អេហ្វ ជី (Express Food Group) បានអនុវត្តន៍ប្រពៃណីដ៏មានន័យមួយដែលធ្វើឡើងរៀងរាល់ឆ្នាំគឺ អ៉ី អេហ្វ ជី ដេ (EFG’s Day) ដែលមានគោលបំណងដ៏សំខាន់ក្នុងការចូលរួមរវាងថ្នាក់គ្រប់គ្រង និងបុគ្គលិកហាង ដើម្បីបង្កើនការយល់ដឹងស៊ីជម្រៅពីការងារប្រចាំថ្ងៃក្នុងការបម្រើអតិថិជន និងពង្រឹងស្មារតីធ្វើការជាក្រុម។

កម្មវិធី “EFG’s Day” បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ និងបន្តធ្វើជាប្រចាំរាល់ឆ្នាំ ហើយនេះជាឆ្នាំទី១១ ដោយក្រុមហ៊ុន EFG បានផ្ដល់ឱកាសដល់បុគ្គលិក ស្នាក់កាលកណ្ដាល ស្ម័គ្រចិត្តធ្វើការនៅតាមហាងម៉ាក ដឹ ភីហ្សា ខមផេនី (The Pizza Company), បាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza), ស្វិនសិន (Swensen’s), គ្រីស ស្ពីគ្រីម (Krispy Kreme), ឌីឃ្យូ (Dairy Queen), តួលេស៊ួរ (TOUS les JOURS) និង ប៊ូស ជូស (Boost Juice)។

បុគ្គលិកទាំងអស់ត្រូវបានបំពេញការងារទៅតាមតួនាទីដូចជាអ្នកចំអិនអាហារ រៀបចំអាហារ អ្នកធ្វើនំ ឆុងកាហ្វេ បម្រើសេវាកម្មអតិថិជន លាងជូតសម្អាតចាន អ្នកសម្អាត និងចូលរួមគ្នារៀបចំហាងបានឱស្អាតផងដែរ។

កម្មវិធីនេះ គឺមិនមែនមានតែការចូលរួមបម្រើអតិថិជនជាមួយបុគ្គលិកតែប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកទស្សនៈ គំនិត និងការផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមក។ វាជាជំហ៊ានសំខាន់មួយក្នុងការបង្កើតវប្បធម៌ចែករំលែក និងស្មារតីក្នុងការធ្វើការជាក្រុម។

លោក Michael Chick អគ្គនាយកក្រុមហ៊ុន អ៉ី អេហ្វ ជី បានឱដឹងថា គោលបំណងនៃការបង្កើត “EFG’s Day” នេះគឺដើម្បីសម្ដែងការកោតសរសើរ និងលើកទឹកចិត្តពីបុគ្គលិកការិយាល័យចំពោះការខិតខំធ្វើការងារប្រចាំថ្ងៃយ៉ាងអស់ពីកម្លាំងកាយចិត្តទៅដល់បុគ្គលិកនៅតាមភោជនីយដ្ឋាន ជាមួយនឹងឆន្ទៈការធ្វើអាហារ និងបម្រើទៅដល់អតិថិជនប្រកបដោយគុណភាព ជាមួយសេវាកម្មដ៏ល្អឥតខ្ចោះ។ ថ្ងៃនេះមិនមែនត្រឹមតែពង្រឹងទំនាក់ទំនងរវាងបុគ្គលិកការិយាល័យជាមួយបុគ្គលិកបម្រើការងារនៅតាមភោជនីយដ្ឋានទេ តែក៏បានបង្កើតបរិយាកាសរីករាយពេញមួយថ្ងៃនៅក្នុងភោជនីយដ្ឋានរបស់ក្រុមហ៊ុន អ៉ី អេហ្វ ជី ក៏ដូចជាការញុំាអាហារជុំគ្នា ជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់ ផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា។

លោកបានបន្តថា៖ «តាមរយៈការជំរុញបុគ្គលិកការិយាល័យឱទៅទទួលការហ្វឹកហាត់ដោយផ្ទាល់នៅតាមបណ្ដាលភោជនីយដ្ឋានរបស់ក្រុមហ៊ុន អ៉ី អេហ្វ ជី ពួកគេអាចទទួលបានឱកាសស្វែងយល់ពីភាពលំបាកប្រចាំថ្ងៃក្នុងការផ្ដល់ជូនអតិថិជនគ្រប់រូបនូវបទពិសោធដ៏ល្អឥតខ្ចោះមួយ។ ការងារទាំងនោះរាប់បញ្ចូលតាំងពីការទទួលភ្ញៀវរហូតដល់ការធ្វើភីហ្សា ការតុបតែងការ៉េម ការធ្វើនំបុ័ង សិល្បៈនៃការឆុងកាហ្វេ ការចម្អិនអាហារ ការជូតឥដ្ឋ និងការសម្អាតតុកៅអីជាដើម »។

លោកបន្ដទៀតថា៖ «ជាមួយនឹងបទពិសោធថ្មីៗរបស់ពួកគេ បុគ្គលិកការិយាល័យដែលស្ម័គ្រចិត្តទៅធ្វើការនៅតាមភោជនីយដ្ឋានទាំងនោះអាចមើលឃើញរឹតតែច្បាស់ពីចង្វាក់ផលិតកម្ម តាមជ្រុងថ្មីមួយទៀត ហើយអាចស្ដាប់ពីភាពលំបាក និងមតិយោបល់ផ្សេងៗពីបុគ្គលិកនៅតាមភោជនីយដ្ឋានហើយស្វែងរកវិធីដោះស្រាយដើម្បីធ្វើអោយ ប្រសើរឡើងនូវចង្វាក់ផលិតកម្មប្រចាំថ្ងៃ »។

លោក ទេព វីរៈ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៉ី អេហ្វ ជី បានលើកឡើងថា “ EFG’s Day” បានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់បុគ្គលិក ព្រោះពួកគាត់ បានជ្រាបច្បាស់ពីឆន្ទៈរបស់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលតែងតែផ្តល់ឱកាស ហើយបានយកចិត្តទុកដាក់ស្មើរៗគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក។

តាមច្បាប់ពលកម្មរបស់ព្រះរាជាណាចក្រកម្ពុជា និយោជិក ទទួលបានការឈប់សម្រាក១ថ្ងៃ សម្រាប់ទិវាពលកម្មអន្ដរជាតិ១ឧសភានេះ។ ដោយឡែក បុគ្គលិក និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន អ៉ី អេហ្វ ជី ស្ម័គ្រចិត្តមកធ្វើការងារតាមហាងនានារបស់យើង។

លោកស្រី តាន់ អង់ហ្សេលិក និង លោកស្រី Nge Nge Htwe នាយិកាគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៉ី អេហ្វ ជី បានបន្ថែមថា៖ «ទោះបីជាបុគ្គលិករបស់ក្រុមហ៊ុន អ៉ី អេហ្វ ជី ស្នាក់កាលកណ្ដាលទទួលបានការឈប់សម្រាកមួយថ្ងៃ តែពួកគាត់ស្ម័គ្រចិត្តមកធ្វើការនៅតាមភោជនីយដ្ឋាន។ ពួកគាត់ទាំងនោះ ធ្លាប់តែផ្ដល់ដំបូន្មាន ដើម្បីផ្ដល់សេវាកម្មប្រសើរ និងមានគុណភាពខ្ពស់ដល់អតិថិជន តែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិក ណែនាំវិញម្ដង រួមទាំងខ្ញុំផងដែរ។ អគ្គនាយក នាយក និងនាយិកាគ្រប់គ្រងទូទៅសាករត់តុខ្លួនឯងដើម្បីស្វែងយល់ពីការលំបាក ហើយរួមទាំងថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន អ៉ី អេហ្វ ជី បានធ្វើឱបណ្ដាភ្ញៀវ និងបុគ្គលិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែសុខៗស្រាប់តែអ្នកដែលមានតំណែងចាប់ពីអគ្គនាយក អគ្គនាយករងទាំងបរទេស និងខ្មែរ បានក្លាយខ្លួនជាបុគ្គលិកផ្តល់សេវាកម្ម ធ្វើនំ ឆុងកាហ្វេ យ៉ាងសកម្មទៅវិញ។ ភាពភ្ញាក់ផ្អើលនេះ បានកើតឡើងនៅក្នុងការប្រារព្ធពិធីមួយដែលមានឈ្មោះថា “EFG’s Day” ជាលើកទី១១របស់ខ្លួន »។

បច្ចុប្បន្ននេះ ក្រុមហ៊ុន អ៉ី អេហ្វ ជី មានបុគ្គលិកជាង១ពាន់នាក់ដែលកំពុងបម្រើការងារតាមបណ្តាហាង ច្រើនជាង ១០០កន្លែងទូទាំងប្រទេសផងដែរ។

Share This Post: