សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីនាំយកថវិកា ១០លានរៀល ចូលរួមរំលែកទុក្ខ តារាចម្រៀង សួន ចន្ថា ចំពោះការបាត់បង់ស្វាមី
(រាជធានីភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនាំយកថវិកា ១០លានរៀល ចូលរួមរំលែកទុក្ខ តារាចម្រៀង សួន ចន្ថា ចំពោះការបាត់បង់ស្វាមី។

នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម ឌួង អេលីត នាយកពិធីការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកថវិកា ១០លានរៀលចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី សួន ចន្ថា អតីតតារាចម្រៀងជើងចាស់ដ៏មានទឹកដមមួយរូប និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសក កូវ ប៊ុនឈឿន ត្រូវជាស្វាមី ដែលទទួលមរណភាព វេលាម៉ោង ១៥ម៉៥៨នាទី កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២ ០២៥ ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យប្រព្រឹត្តទៅនៅគេហដ្ឋាននៃសពស្ថិតនៅបុរីពិភពថ្មី ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ឯកឧត្តម ឌួង អេលីត បាននាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យពន់ពេកជាមួយនឹងលោកស្រី សួន ចន្ថា ចំពោះការបាត់បង់ឧត្តមស្វាមីជាទីស្រឡាញ់ពេញបេះដូង និងក៏ជាបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌របស់កូន និងបានប្រកាន់ខ្ជាប់នូវគុណធម៌ ចរិយាធម៌ ប្រណិប័តន៍ចំពោះ ឪពុក ម្តាយ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់៕



ប្រភព៖ Cambodian Red Cross