ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

    BY soknita May 5, 2025
    អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

    (ខេត្តព្រះវិហារ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហមក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ នេះ ថា នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទក្រហម ក្រោមការគាំទ្រថវិការបស់អង្គការ ALIPH នៃប្រទេសស្វីស។ គម្រោងនេះមានរយៈពេល ៣ឆ្នាំ (២០២៥-២០២៨) ដោយអនុវត្តការងារអភិរក្ស និងជួសជុលដូចជា សម្អាតដីចាក់បង្គរ ជួសជុលរចនាសម្ព័ន្ធប្រាសាទទាំងមូលដោយគោរពតាមបទដ្ឋានអន្តរជាតិ និងថែរក្សាគំនូរពណ៌នៅផ្នែកខាងក្នុង និងបាយអនៅលើផ្ទៃជញ្ជាំងខាងក្រៅ ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ និងភាពដើមរបស់សំណង់ប្រាសាទនេះ ទុកសម្រាប់អ្នកជំនាញក្រោយ។

    គួរបញ្ជាក់ដែរថា ប្រាសាទក្រហមមានបាតប្រវែង ១២ម៉ែត្របួនជ្រុង និងកម្ពស់ ១៧ម៉ែត្រ ជាប្រាសាទឥដ្ឋធំជាងគេក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ ប្រាសាទនេះតម្កល់បដិមាព្រះឥសូររាំសង់អំពីថ្មភក់ កម្ពស់ប្រហែល ៦ម៉ែត្រតម្កល់លើបល្ល័ង្ក មានលម្អរូបពស់ព័ទ្ធជុំវិញ រួមទាំងសត្វតោឈរចំនួន ៨ នៅតាមជ្រុងនីមួយៗ។

    ដោយឡែកនៅជុំវិញបល្ល័ង្កក៏មានបដិមាចំនួន ៤ផ្សេងទៀតដូចជា បដិមាព្រះនាងឧម៉ារាំ នាងចាមុនដា មហាកាល និងនន្ទិកេស្វរ។ បច្ចុប្បន្ន ប្រាសាទនេះបានរងការខូចខាតដោយសារការទុកចោលជាយូរឆ្នាំ កត្តាធម្មជាតិ និងកត្តាមនុស្ស តាមរយៈការការបំផ្ទុះគ្រាប់ និងជីកកាយដើម្បីលួចវត្ថុបុរណ ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទពុំមានលំនឹង មានស្នាមប្រេះបែកនៅលើផ្ទៃជញ្ជាំង ឥដ្ឋដាច់សសៃរ ពុកផុយ ជម្រាបទឹកភ្លៀង និងមានដុះរុក្ខជាតិនៅលើប្រាង្គ។

    អាជ្ញាធរជាតិព្រះវិហារក៏បានថ្លែងអំណរដល់ ALIPH នៃប្រទេសស្វីសចំពោះការគាំទ្រផ្នែកថវិកាលើកិច្ចការអភិរក្ស និងជួសជុលប្រាសាទនេះ ដើម្បីរក្សាកេរមត៌កសម្រាប់អ្នកជំនាន់ក្រោយ។ គប្បីជម្រាបជូនថា វេលាម៉ោង ៤ល្ងាច ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ គណៈកម្មការបេតិកភណ្ឌពិភពលោកសម្រេចធ្វើការចុះបញ្ជីដាក់បញ្ចូលប្រសាទកោះកេរដាក់ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភលោកនៃអង្គការយូណេស្កនៅ ក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

    ប្រាសាទកោះកេរ ជារមណីយដ្ឋានបុរាណវិទ្យាដាច់ស្រយាលមួយនៅភាគខាងជើងនៃប្រទេសកម្ពុជា ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រពីខេត្តសៀមរាប និងជារាជធានីបុរាណនៃអាណាចក្រខ្មែរ ត្រូវបានកំណត់ឱ្យចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នៅឆ្នាំ២០០៤ រដ្ឋាភិបាលបានកំណត់តំបន់ប្រាសាទកោះកេរមានចំនួន៨.១០០ ហិកតា។ ក្រោយមកអ្នកជំនាញអន្តរជាតិ ដែលបានជួយរៀបចំពាក្យសុំបេតិកភណ្ឌបានពិនិត្យមើលសក្តានុពល នៃរមណីយដ្ឋាន បានស្នើសុំឱ្យរដ្ឋាភិបាលចេញក្រឹត្យថ្មី ដោយកំណត់តំបន់ប្រាសាទទំហំ ៨.៧០០ ហិកតា។

    ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត។

    ដោយឡែករយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះមាន ភ្ញៀវទេសចរជាតិ និងបរទេស ទៅកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ សរុបចំនួន ១៣៥៩នាក់។ ក្នុងនោះរមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលភ្ញៀវទេសចរសរុបចំនួន ៣៦៨១នាក់ រួមមានភ្ញៀវជាតិចំនួន ៣៦២០នាក់ ភ្ញៀវបរទេសចំនួន ៦១នាក់។ ចំណែកភ្ញៀវចូលទស្សនាសសរមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារសរុប ១៨៣នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ១៧៩នាក់ ភ្ញៀវបរទេសចំនួន៤នាក់។ ដោយឡែកនៅរមណីយដ្ឋានប្រាសាទកោះកេរ ទទួលភ្ញៀវសរុបចំនួន ១២៤៩៥នាក់ ក្នុងនោះទេសចរជាតិសរុប ១២៤១៧នាក់ ភ្ញៀវបរទេសចំនួន ៧៨នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay