សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យការនាំចូលអាហារ និងការប្រើប្រាស់សារធាតុគីមី ដើម្បីកាត់បន្ថយជំងឺមហារីក
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចូលបន្លែ សាច់ និងការប្រើប្រាស់សារធាតុគីមីក្នុងអាហារ ដើម្បីកាត់បន្ថយការកើតជំងឺមហារីក ដែលកំពុងមានការកើនឡើងគួរឱ្យបារម្ភនៅក្នុងប្រទេស។

ការបញ្ជានេះត្រូវបានធ្វើឡើងបន្ទាប់ពីរបាយការណ៍បានបង្ហាញថា ជារៀងរាល់ឆ្នាំ កម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ករណី និងមានអ្នកស្លាប់ប្រមាណ ១៤,០០០នាក់ ដែលស្មើនឹងមនុស្សម្នាក់ស្លាប់រៀងរាល់ ៤០នាទី ឬ ៣៨នាក់ក្នុងមួយថ្ងៃ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត , ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើងជំងឺមហារីកនៅកម្ពុជា ខណៈដែលមធ្យោបាយប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅមានកម្រិត។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មូលហេតុចម្បងៗនៃការកើតជំងឺមហារីករួមមាន៖ អាហារូបត្ថម្ភមិនត្រឹមត្រូវ (បន្លែ សាច់ និងអាហារផ្សេងៗ) អាហារផុតកំណត់ ឬមានសារធាតុគីមីលើសកម្រិត កង្វះលំហាត់ប្រាណ និងសកម្មភាពកីឡា ដើម្បីដោះស្រាយបញ្ហាទាំងនេះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យ៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គ
នាយកដ្ឋានគយ និងរដ្ឋាករ និងអាជ្ញាធរពាក់ព័ន្ធ រឹតបន្តឹងការត្រួតពិនិត្យការនាំចូលអាហារ និងការប្រើប្រាស់សារធាតុគីមី។ ក្រសួងអប់រំ យុវជន និងកីឡា បង្កើនការអប់រំនៅតាមសាលារៀនអំពីការបង្ការជំងឺមហារីក។ ពង្រីកការចាក់វ៉ាក់សាំងបង្ការជំងឺមហារីក។ ទប់ស្កាត់ការជក់បារី ជាពិសេសបារីអគ្គិសនី (Vape)។ ជំរុញប្រជាពលរដ្ឋឱ្យលេងកីឡា និងហាត់ប្រាណជាប្រចាំ។ អាជ្ញាធរមូលដ្ឋានបង្កើនការបង្កើតសួនសាធារណៈសម្រាប់លំហាត់ប្រាណ។ លើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យតាមតំបន់។
សម្តេចនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការបង្ការជំងឺជាជាងរង់ចាំដល់ពេលឈឺទើបស្វែងរកការព្យាបាល៕

ប្រភព៖ ក្រសួងព័ត៌មាន