ក្រសួងការងារ នឹងពន្យារពេលផ្តល់បណ្ណការងារ និងសៀវភៅការងារជូនជនបរទេស សម្រាប់ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភាខាងមុខនេះ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពន្យារពេលផ្តល់បណ្ណការងារ និងសៀវភៅការងារជូនជនបរទេស រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបន្ថែមទៀត ដល់ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងជនបរទេសប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមដែនអនុវត្តច្បាប់ស្តីពីការងារ ជ្រាបថា ដោយការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស សម្រាប់ឆ្នាំ ២០២៥ នៅមាន ភាពយឺតយ៉ាវ ក្រសួងនឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ ២០២៥ បន្តរហូត ដល់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការរៀបចំស្នើសុំពន្យារសុពលភាពនេះឱ្យ បានទាន់ពេលវេលា។
ការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទខាងលើនេះជាកំហិត។ ចំពោះការខកខានក្នុងការ ពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមកំណត់ខាងលើ ក្រសួងនឹងចាត់វិធានការ ផាកពិន័យ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន៕

