កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីហិ-ង្សា បណ្ដាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត នៅក្រុងព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីហិង្សាឈានដល់កាប់គ្នា បណ្ដាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត នៅក្រុងព្រះសីហនុ។

តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ថា នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ វេលាម៉ោង ០៣៖៤០នាទីរំលងអធ្រាត្រ នៅចំណុចក្រោយសណ្ឋាគារមួយកន្លែង ស្ថិតនៅក្រុមទី៧ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់គ្នាដោយកាំបិតប៉័ងតោ បណ្ដាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត មានឈ្មោះ អ៊ុន សើយទី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន ៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ២គ្រឿង ម៉ាក HONDA DREAM និង ម៉ាក SUZUKI NEX ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យខាងលើបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។
លុះនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៧និង៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ៤ម្នាក់រួមមាន៖
-ទី១៖ ឈ្មោះ ឆេង ហួ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
-ទី២៖ ឈ្មោះ យ៉ាន លេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមឬស្សីស្រស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
-ទី៣៖ ឈ្មោះ រ័ត្ន សីហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
-ទី៤៖ ឈ្មោះ ស៊ុន សុខនី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៤នាក់ ខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៣ និង៤០នាទីរំលងអធ្រាត្រ ជនសង្ស័យទាំង ៤នាក់ ពិតជាធ្វើសកម្មភាពដេញវាយ និងគប់កាំបិតបុ័ងតោទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចកន្លែងកើតហេតុណ៍ ស្ថិតនៅក្រុមទី៧ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពិតតប្រាកដមែន។
ចំពោះមូលហេតុដោយសារតែមុនពេលកើតហេតុ ក្រុមរបស់ជនរងគ្រោះបានធ្វើសកម្មភាពដេញវាយខាងជនសង្ស័យមុន ខាងជនសង្ស័យទើបខឹងធ្វើសកម្មភាពខាងលើតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕








ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ