អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្រាយបំភ្លឺករណីមន្ត្រីនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកអូរជ្រៅ
(រាជធានីភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្រាយបំភ្លឺលើករណីមន្ត្រីនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកអូរជ្រៅ ដែលមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនាពេលថ្មីនេះ។

នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ រស្មីជាងដែកនិងអ៊ីណុក ពាក់ព័ន្ធករណីមន្ត្រីនគរបាលចរាចរណ៍ចុះអប់រំផ្សព្វផ្សាយនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកអូរជ្រៅ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជម្រាបជូនដល់ សាធារណៈជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ឱ្យបានដឹងថា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៥ វេលា ម៉ោង ៩និង៣០នាទី មានការបង្ហោះវីដេអូតាមប្រព័ន្ធបណ្តាញហ្វេសប៊ុក (Facebook) របស់ ឈ្មោះ រស្មី ជាង ដែក និង អ៊ីណុក ដោយខ្លឹមសារអត្ថាធិប្បាយថា…ប៉ូលីសនៅភូមិអូរជ្រៅ ស្រុកអូរជ្រៅ មកចាប់គេនៅក្នុងភូមិសំដៅដល់ការចុះប្រតិបត្តិការ របស់ក្រុមការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ។
ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺ និង ជម្រាបជូនដល់សាធារណៈជនជ្រាបថា៖ នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៥ គណៈកម្មការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសខេត្ត បានចុះដាក់គោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខាងលិច វិទ្យាល័យកូបប្រហែល១០០ម៉ែត្រលើផ្លូវជាតិលេខ៥។ ពេលកំពុងប្រតិបត្តិការងារ ចន្លោះម៉ោង៩ទៅម៉ោង១០ព្រឹក ក៏មានអ្នកជិះម៉ូតូកែច្នៃស៊ីមាំងប្រែន (ខុសលក្ខណះបច្ចេកទេសបញ្ចេញសំលេងលឺខ្លាំង) បានមកដល់ ហើយជិះ គេចពីចំណុចគោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិ ក្បែរផ្លូវលំ ចុះតាមផ្លូវជាប់របងវិទ្យាល័យកូប ពេលនោះមន្ត្រី នគរបាលយើងដេញតាមបានប្រហែល៧០ម៉ែត្រពីគោលដៅត្រួតពិនិត្យ ក៏កាក់ម៉ូតូប្រជាពលរដ្ឋសួររកអ្នកជិះម៉ូតូ កែច្នៃស៊ីមាំងប្រែន ហើយមន្ត្រីយើងក៏បានអប់រំពួកគាត់អោយពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ផងដែរ។ ស្រប ពេលជាមួយគ្នានោះម្ចាស់គណនីហ្វេសប៊ុក (Facebook) ឈ្មោះ រស្មី ជាងដែក និង អ៊ីណុក បានជិះមកដល់ហើយ ស្មានថា នគរបាលចរាចរណ៍ស្រុកអូរជ្រៅ ចុះដាក់គោលដៅត្រួតពិនិត្យដល់ក្នុងភូមិ ក៏ថតវីដេអូអត្ថាធិប្បាយបង្ហោះ ចេញទៅ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម៕


